បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធាជើងទឹក របស់ប្រទេស អ៊ីរ៉ង់បានធ្វើការ ចាប់ឃាត់នាវាឃ្លាំមើល របស់អាមេរិកចំនួន២គ្រឿង នៅក្នុងដែនសមុទ្រក្រហម Red Seaកាលពីថ្ងៃព្រហស្បតិ៍។
ប្រភពដដែលបានបន្តទៀតថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងពេលដែលអ៊ីរ៉ង់ កំពុងបើកប្រតិបត្តិការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់សមុទ្រ ក្រហមហើយ ការចាប់ឃាត់នេះ ត្រូវបានធ្វើឡើង ដោយនាវាប្រយុទ្ធរបស់ខ្លួនគឺ Jamaran ខណៈដែលនាវា២គ្រឿង របស់អាមេរិកគឺជានាវា ដែលគ្មានមនុស្សបើកនោះឡើយ។
ទោះបីជាយ៉ាងណាក្តីអ៊ីរ៉ង់ ក៏បាននបញ្ជាក់ដែរថា មុនការចាប់ឃាត់នាវាទាំង២គ្រឿងនេះ ខ្លួនក៏បានធ្វើការព្រមានអាមេរិក ចំនួន២ដងមកហើយដែរថា មិនត្រូវធ្វើការបង្កហេតុ ឬបង្កសកម្មភាពបំពានណាមួយឡើយ ប៉ុន្តែអាមេរិកហាក់ដូចជាមិនខ្វាយខ្វល់ ទើបអ៊ីរ៉ង់សម្រេចចិត្តបញ្ជូន Jamaran ទៅចាប់ឃាត់ទុកនាវាទាំងនោះតែម្តង ៕
ប្រែសម្រួល៖ស៊ុនលី