បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ប្រព័ន្ធមីស៊ីលប្រឆាំងនាវា Bastion របស់រុស្ស៊ី ឥឡូវនេះ ត្រូវបានប្រើប្រាស់នៅក្នុងសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះ Matua ភាគខាងកើត។ ប្រព័ន្ធនេះត្រូវបានសាកល្បងក្នុងអំឡុងពេលធ្វើសមយុទ្ធនាពេលថ្មីៗនេះ នៅលើខ្សែសង្វាក់កោះមួយ ដែលជាចំណុចកណ្តាលនៃជម្លោះទឹកដីជាមួយប្រទេសជប៉ុនជាយូរមកហើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កោះ Matua គឺជាផ្នែកមួយនៃប្រជុំកោះ Kuril ដែលជាក្រុមកោះដែលលាតសន្ធឹងពី Kamchatka របស់រុស្ស៊ីទៅកាន់កោះ Hokkaido របស់ជប៉ុន។ កាលពីខែធ្នូឆ្នាំមុន ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ពីការបង្កើនការការពារប្រឆាំងនាវានៅក្នុងតំបន់ជាមួយនឹងមីស៊ីល Bastion ដែលបានដាក់នៅលើកោះ Matua ។ លំហាត់ហ្វឹកហ្វឺននៅថ្ងៃអង្គារ គឺជាលើកទីមួយដែល មីស៊ីលប្រភេទនេះត្រូវបានគេរាយការណ៍ថាត្រូវបានគេប្រើប្រាស់។
យោងតាមសេចក្តីសង្ខេបនៃសមយុទ្ធដែលចេញផ្សាយដោយក្រសួងការពារជាតិ ជើងទម្រគ្រាប់រ៉ុក្កែតត្រូវបានផ្លាស់ប្តូរទៅក្នុងទីតាំងវាយប្រហារ ដើម្បីបាញ់ទៅលើនាវាចម្បាំងបរទេសសិប្បនិមិត្ត ដែលបានរំលោភលើដែនទឹករបស់រុស្ស៊ី ក្នុងការប៉ុនប៉ងចុះចតកងទ័ពនៅលើកោះ Kuril ។ នៅពេលដែលកប៉ាល់បានផ្លាស់ប្តូរ “ចូលទៅក្នុងជួរដ៏សំខាន់មួយ” វាត្រូវបានភ្ជាប់ជាមួយមីស៊ីល Oniks ដែលកាំជ្រួច Bastion ដឹកភ្ជាប់។
សមយុទ្ធនៅកោះ Matua គឺជាផ្នែកមួយនៃសមយុទ្ធយោធាយុទ្ធសាស្ត្រពហុភាគី Vostok 2022 ។ មហាអំណាចអាស៊ី ឥណ្ឌា និងចិន ស្ថិតក្នុងចំណោមអ្នកចូលរួមសមយុទ្ធយោធាដែលរៀបចំដោយរុស្ស៊ីផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា