ព័ត៌មានអន្តរជាតិ

កងកម្លាំងអាមេរិក បន្ដលួចប្រេងចេញ ពីប្រទេសស៊ីរី ទៅកាន់មូលដ្ឋាននៅអ៊ីរ៉ាក់

ដាម៉ាស់ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានបញ្ជូន យានជំនិះចំនួន ៣១ គ្រឿង រួមទាំងរថយន្ដដឹកប្រេង ពីតំបន់ប្រេងស៊ីរីក្នុង ខេត្ត Hasakah ភាគឦសានប្រទេស ទៅកាន់មូលដ្ឋានទ័ព អាមេរិកក្នុងប្រទេស អ៊ីរ៉ាក់ ដែលនៅជិតខាងនោះ ។

មួយថ្ងៃមុននេះ សហរដ្ឋអាមេរិក បានបញ្ជូនរថយន្ដដឹកប្រេងចំនួន ៦៤ គ្រឿងពីវាលក្នុងទីក្រុង Hasakah ទៅកាន់ប្រទេសអ៊ីរ៉ាក់ នេះបើយោងតាម SANA ។

រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ជាយូរមកហើយថា បានលួចធនធានធម្មជាតិ នៅក្នុងប្រទេសស៊ីរី ដូចជាប្រេង ឧស្ម័ន និងសូម្បីតែស្រូវសាលី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

កាលពីថ្ងៃទី០៨ ខែសីហា ក្រសួងប្រេងស៊ីរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាមេរិក បានលួច ៨០ភាគរយ នៃផលិតកម្មប្រេង របស់ប្រទេសស៊ីរី។

កងកម្លាំងសហរដ្ឋអាមេរិក និងទាហានស៊ីឈ្នួលរបស់ពួកគេ កំពុងលួចប្រេងជាមធ្យម ៦៦០០០ បារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងប្រទេសស៊ីរី ខណៈដែលការផលិតប្រេង ប្រចាំថ្ងៃជាមធ្យមរបស់ប្រទេស ត្រូវបានគេប៉ាន់ប្រមាណថា បានឈានដល់ ៨ម៉ឺន បារ៉ែល ក្នុងឆមាសទីមួយនៃឆ្នាំ២០២២។

កាលពីថ្ងៃទី២៩ ខែសីហា ក្រសួងប្រេងស៊ីរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុវត្តរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសស៊ីរី រួមទាំងការជួញដូរប្រេងស៊ីរី ដោយខុសច្បាប់មកទល់ពេលនេះបានបណ្តាល ឱ្យមានការខាតបង់ដោយផ្ទាល់ និងដោយប្រយោលប្រហែល ១០៧,០១ពាន់លានដុល្លារ ដល់វិស័យប្រេង និងឧស្ម័នរបស់ប្រទេសស៊ីរី ។

ក្រសួងបានកត់សម្គាល់ថា វត្តមាន របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងការគ្រប់គ្រងរបស់ខ្លួនលើធនធានធម្មជាតិ និង វិស័យថាមពល នៅក្នុងប្រទេសកំពុង ដកហូតធនធានរបស់ប្រជាជនស៊ីរី “នៅពេលដែលប្រទេសស៊ីរី បានទទួលរងនូវការខ្វះខាតយ៉ាងខ្លាំង នៃសម្ភារៈថាមពល”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top