ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរបស់រុស្ស៊ី វាយប្រហារទៅលើជំរុំទំនាក់ទំនងជាមួយក្រុមអាល់កៃដា នៅភាគពាយព្យនៃប្រទេសស៊ីរី សម្លាប់ក្រុមឧទ្ទាមអស់១២០នាក់

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ទៅលើទីតាំងនៃរណសិរ្ស Nusra ដែលមានទំនាក់ទំនងនឹងក្រុមអាល់កៃដា នៅភាគពាយ័ព្យប្រទេសស៊ីរី បានសម្លាប់ក្រុមឧទ្ទាមអស់ចំនួន១២០នាក់ ។

ទីភ្នាក់ងារ SANA បានដកស្រង់ប្រភពយោធារុស្ស៊ីនៅប្រទេសស៊ីរីបានលើកឡើងថា យន្តហោះចម្បាំងរបស់រុស្ស៊ី បានវាយប្រហារជំរុំហ្វឹកហ្វឺន Nusra នៅក្នុងតំបន់ Sheikh Youssef នៃខេត្ត Idlib ហើយបានបំផ្លាញកន្លែងសង្កេតការណ៍ យន្តហោះគ្មានមនុស្សបើក និងឧបករណ៍បាញ់មីស៊ីលផងដែរ ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក៏បានរាយការណ៍ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី នៅក្នុងខេត្ត Idlib ដោយលើកឡើងថា យន្តហោះចម្បាំងរុស្ស៊ី បានធ្វើការវាយប្រហារតាមអាកាសចំនួន១៤លើកកាលពីថ្ងៃព្រហស្បតិ៍ និងបានបាញ់មីស៊ីលពីដីទៅដីចំនួន១គ្រាប់ទៅលើតំបន់កាន់កាប់ដោយក្រុមឧទ្ទាមក្នុងខេត្តនេះ ។

គួរបញ្ជាក់ថា តំបន់នោះកាន់កាប់ដោយក្រុមឧទ្ទាមមួយចំនួន រួមទាំងក្រុមជ្រុលនិយមដូចជា រណសិរ្ស Nusra នៅក្នុងខេត្ត Idlib បានលេចចេញជាទីតាំងដ៏រឹងមាំចុងក្រោយរបស់ពួកឧទ្ទាមនៅក្នុងប្រទេសស៊ីរី ៕

Most Popular

To Top