ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ត្រៀមធ្វើតេស្ដ លើកចុងក្រោយ ​នៃ​ប្រព័ន្ធ​ការពារ ​មី​ស៊ី​ល​ដ៏ទំនើប ជាផលិតផលក្នុងស្រុក ដែលទើបនឹងអភិវឌ្ឍបន្ថែម

តេអេរ៉ង់៖ មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះនឹងអនុវត្តការសាកល្បងចុងក្រោយ នៃប្រព័ន្ធការពារមីស៊ីល ដែលផលិតក្នុងស្រុករបស់ខ្លួន ដែលមានឈ្មោះថា Bavar (Belief) 373 នៅប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ។

លោក Alireza Sabahi-Fard មេបញ្ជាការកងកម្លាំងការពារដែនអាកាសរបស់កងទ័ពអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា ប្រព័ន្ធនេះបានបញ្ចប់ការសាកល្បងដំបូងទាំងអស់ដោយជោគជ័យ។

លោកបានសង្កត់ធ្ងន់ថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ទាំងអស់ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ដោយ Bavar 373 គឺជាប្រភេទទំនើបរបស់កងទ័ពអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

Bavar 373 ដែលត្រូវបានដាក់បង្ហាញក្នុងខែសីហា ឆ្នាំ២០១៩ គឺជាប្រព័ន្ធការពារមីស៊ីលចល័ត ដែលត្រូវបានរចនាឡើង ដើម្បីស្ទាក់ចាប់ និងបំផ្លាញគោលដៅអរិភាព ដែលចូលមកទឹកដីអ៊ីរ៉ង់។

ការប្រើប្រាស់កាំជ្រួច ដែលមានរយៈចម្ងាយអតិបរមា ៣០០ គីឡូម៉ែត្រ ប្រព័ន្ធនេះមានសមត្ថភាពចាប់ និងកំណត់គោលដៅយន្តហោះរបស់សត្រូវហួសពីព្រំដែនអ៊ីរ៉ង់ ក៏ដូចជាក្នុងពេលដំណាលគ្នាអាចរកឃើញគោលដៅបានរហូតដល់ ៣០០ គោលដៅ តាមដាន ៦០ គោលដៅ និងវាយប្រហារ ៦ គោលដៅ។

Bavar 373 មានរ៉ាដាស្រាវជ្រាវ និងស្ទាក់ចាប់ចំនួនពីរ ដែលអាចទប់ទល់នឹងសង្គ្រាមអេឡិចត្រូនិច និងគ្រាប់បែកអេឡិចត្រូម៉ាញេទិក។  លើសពីនេះ រ៉ាដា​មាន​សមត្ថភាព​ចាប់​កាំជ្រួច​ប្រឆាំង​វិទ្យុសកម្ម​ដែល​ប្រើ​សម្រាប់​ទប់ទល់​ នឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​៕

Most Popular

To Top