គៀវ ៖ យោងតាមរបាយការណ៍ ពីក្រសួងការពារជាតិ អង់គ្លេស បានឱ្យដឹងថា អង្គភាពកំពូលរុស្ស៊ី បានដកថយពីតំបន់ Kharkiv ចំពេលមានការវាយលុក ដោយជោគជ័យ របស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានអ៊ុយក្រែន Newsweek។
នៅក្នុងការអាប់ដេតព័ត៌មាន សម្ងាត់ប្រចាំថ្ងៃរបស់ខ្លួនអំពីសង្រ្គាម របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេស អ៊ុយក្រែន ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានឲ្យដឹងថា សមត្ថភាព របស់រុស្ស៊ីក្នុងការទប់ទល់នឹងអង្គការ សន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) ទំនងជាត្រូវបានចុះខ្សោយយ៉ាងធ្ងន់ធ្ងរ ដោយសារតែចំនួនអ្នកស្លាប់ និងរបួសដែលខ្លួនមាននៅក្នុងទីក្រុងគៀវ ជំរុញ ឱ្យ ដណ្តើមយកតំបន់ Kharkiv ឡើងវិញ។
ប្រភពបានឲ្យដឹងនៅក្នុងសារមួយថា “ធាតុនៃកងកម្លាំងរុស្ស៊ី ដែលត្រូវបានដកចេញពីតំបន់ Kharkiv កាលពីសប្តាហ៍មុន គឺមកពីកងរថក្រោះឆ្មាំទី១ (1 GTA) ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ស្រុកយោធាខាងលិច (WEMD)”។
ក្រសួងការពារជាតិអង់គ្លេស បានកត់សម្គាល់ថា 1 GTA បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងដំណាក់កាលដំបូង នៃការលុកលុយរបស់លោក ពូទីន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ហើយមិនត្រូវបាន បង្កើតឡើងវិញពេញលេញ មុនពេលការវាយលុករបស់ អ៊ុយក្រែននៅ Kharkov ។
ការធ្វើបច្ចុប្បន្នភាព របស់ក្រសួងបានឲ្យដឹងថា “1 GTA គឺជាកងទ័ពដ៏មានកិត្យានុភាពបំផុត របស់រុស្ស៊ី ដែលត្រូវបានបម្រុងទុក សម្រាប់ការពារទីក្រុងមូស្គូ និងមានបំណងដឹកនាំការ វាយប្រហារតបតនៅក្នុងករណី នៃសង្រ្គាមជាមួយណាតូ”៕
ប្រែសម្រួល ឈូក បូរ៉ា