រ៉ូម៖ ប្រធានក្រុមហ៊ុន Eni ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំបំផុត របស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា លោកគិតថាប្រទេសរបស់លោក នឹងអាចធ្វើវាបានក្នុងរដូវរងារខាងមុខនេះ ដោយគ្មានបញ្ហាធំដុំ បើទោះបីជាការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការកាត់ផ្តាច់ ការផ្គត់ផ្គង់ឧស្ម័នក៏ដោយ។
លោក Claudio Descalzi នាយកប្រតិបត្តិរបស់ Eni បានលើកឡើងថា ដោយផ្អែកលើការកើនឡើងនៃការនាំចូលឧស្ម័នពីអាល់ហ្សេរី ទុនបម្រុងឧស្ម័នធម្មជាតិ ពេញលេញ និងវិធានការអភិរក្សថាមពល អ៊ីតាលី គួរតែអាចឆ្លងកាត់រដូវរងាដោយគ្មានឧស្ម័នរុស្ស៊ី ដរាបណាមិនមានអាកាសធាតុ ត្រជាក់យូរខុសពីធម្មតានោះ។
មុន ជម្លោះ នៅ អ៊ុយក្រែន អ៊ីតាលី ជា ប្រទេសនាំចូលឧស្ម័នរុស្ស៊ី ធំជាងគេទីពីរ ក្នុងសហភាពអឺរ៉ុប បន្ទាប់ ពី អាល្លឺម៉ង់ តែ ប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោកបានបន្តថា “ប្រសិន បើ រដូវរងា មានកម្រិតស្រាល ជាមធ្យម យើងនឹងអាចធ្វើ វា បាន ។ “យើងត្រូវតែផ្តោតអារម្មណ៍យ៉ាងខ្លាំង។ រដូវរងានេះនឹងមានការលំបាកបំផុត។ យើងត្រូវធ្វើពិពិធកម្មប្រភពថាមពល ហើយជាក់ស្តែង វាចាំបាច់ក្នុងការបន្តនៅលើផ្លូវ សម្រាប់ការកកើតឡើងវិញ”។
លោក Descalzi ក៏បានគូស បញ្ជាក់អំពីយុទ្ធសាស្ត្រ របស់ក្រុមហ៊ុន Eni ដើម្បីកាត់បន្ថយការពឹងផ្អែក របស់ក្រុមហ៊ុនលើឧស្ម័នរុស្ស៊ី។ ក្រុមហ៊ុន Eni ដែលជាក្រុមហ៊ុនចម្រុះជាតិ សាសន៍មួយក៏ប្រតិបត្តិការ នៅក្នុងប្រទេស ដែលមិនមែនជាកម្មវត្ថុ នៃការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ន ដល់សហភាពអឺរ៉ុបផងដែរ ។
នាយកប្រតិបត្តិរូបនេះបានបន្ដថា “រវាងឆ្នាំនេះ និងឆ្នាំក្រោយ ផែនការរបស់យើង គឺកាត់បន្ថយត្រឹមតែជាង ៥០ភាគរយនៃបរិមាណឧស្ម័ន ដែលយើងនាំចូលពីប្រទេសរុស្ស៊ី នៅឆ្នាំ២០២៣ និង ២០២៤ យើងនឹងឈានដល់ការកាត់បន្ថយ ៨០ ភាគរយ ហើយយើងនឹងគ្មានឧស្ម័នរុស្ស៊ី ១០០ ភាគរយនៅឆ្នាំ២០២៤-២០២៥”៕
ប្រែសម្រួល ឈូក បូរ៉ា