ព័ត៌មានអន្តរជាតិ

ចិន រំលឹកខួបសង្រ្គាមប្រឆាំង នឹងការឈ្លានពាន របស់ជប៉ុន

ប៉េកាំង ៖ ទីក្រុង Shenyang នៃខេត្ត Liaoning ភាគឦសាន នៃប្រទេសចិន បានបន្លឺឡើងជាមួយនឹងសំឡេងស៊ីរ៉ែន វាយប្រហារតាមអាកាស និងស៊ីផ្លេរថយន្ត កាលពីថ្ងៃអាទិត្យ ដែលជាខួបលើកទី៩១ នៃឧប្បត្តិហេតុថ្ងៃទី១៨ ខែកញ្ញា ដែលបង្ហាញពីការចាប់ផ្តើម នៃការឈ្លានពាន របស់ជប៉ុនលើប្រទេសចិន។

នៅពេលដែលសំឡេងស៊ីរ៉ែន បានបន្លឺឡើងនៅក្នុងទីក្រុង អ្នកថ្មើរជើងបានឈរ នៅក្នុងការគោរពដោយស្ងៀមស្ងាត់ ហើយរថយន្តបានបន្លឺសំឡេង។ ចាប់តាំងពីឆ្នាំ១៩៩៥ មក ទីក្រុង Shenyang បានបន្លឺសំឡេងរោទិ៍ការវាយឆ្មក់តាមអាកាសក្នុងឱកាសនេះ ដើម្បីរំលឹកដល់ឧប្បត្តិហេតុថ្ងៃទី១៨ ខែកញ្ញា អស់រយៈពេល ២៨ឆ្នាំជាប់ៗគ្នា ។

នៅសារមន្ទីរប្រវត្តិសាស្ត្រ ១៨ ខែកញ្ញា មនុស្សជិត ៣០០នាក់ មកពីគ្រប់មជ្ឈដ្ឋានបានប្រមូលផ្តុំគ្នា និងរៀបចំពិធីមួយដើម្បីរំលឹកដល់ឧប្បត្តិហេតុថ្ងៃទី១៨ ខែកញ្ញា និងសង្រ្គាមប្រជាជនចិន នៃការតស៊ូប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុន។

អមដោយឆ្មាំកិត្តិយស នៃកងទ័ពរំដោះប្រជាជន តំណាង ១៤នាក់មកពីផ្នែកផ្សេងៗបានវាយកណ្តឹងដ៏ធំចំនួន ១៤ដង ដើម្បីរំលឹកដល់សង្រ្គាម ដ៏ជូរចត់រយៈពេល ១៤ឆ្នាំ ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៣១ កងទ័ពជប៉ុនបានបំផ្ទុះផ្នែកមួយនៃផ្លូវដែក ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ពួកគេនៅជិតទីក្រុង Shenyang ហើយបានចោទ ប្រកាន់កងទ័ពចិនថា ជាការបំផ្លិចបំផ្លាញថាជាលេស នៃការវាយប្រហារ។ នៅយប់ នោះ ពួកគេបានទម្លាក់គ្រាប់បែក លើ បន្ទាយ ក្បែរ ក្រុង Shenyang ។

ចម្ងាយតែ ៣គីឡូម៉ែត្រពីសារមន្ទី គឺទីតាំង Beidaying (Northern Grand Barracks) ដែលទាហានជប៉ុន បានទម្លាក់គ្រាប់បែក ។ សារៈមន្ទីរនេះ បាន បើក ជាផ្លូវការ សម្រាប់ អ្នកចូលទស្សនា ជាសាលតាំង ពិព័រណ៍ បន្ទាប់ពីបានជួសជុល នៅចុងឆ្នាំមុន ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top