Forbidden City ឬហៅថាទីក្រុងហាមឃាត់ គឺជារាជវាំងបុរាណចិនដ៏ធំមួយ ដែលត្រូវបានកសាងឡើងពីចន្លោះឆ្នាំ១៤០៦ ដល់ឆ្នាំ១៤២០ ស្ថិតនៅក្រុងប៉េកាំង ប្រទេសចិន។ រាជវាំងអាយុកាលជាង៦០០ឆ្នាំនេះ ត្រូវបានកសាងឡើងនៅក្នុងជំនាន់រាជវង្សម៉េង ហើយបន្តរហូតដល់ចប់ជំនាន់រាជវង្សឆេង។ រាជវាំងនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៧២ហិកតា ហើយមានបណ្ដុំអគារតូចធំសរុប ៩៨០អគារ។ ទោះមានទំហំធំបែបនេះក្ដី រឿងនឹកស្មានមិនដល់នោះគឺថា នៅក្នុងរាជវាំង “Forbidden City” ពុំមានបង្គន់សម្រាប់បន្ទោបង់នោះឡើយ។

បើគ្មានអ៊ីចឹង ចុះពេលត្រូវបត់ជើង គួរធ្វើដូចម្ដេច? នៅក្នុងរាជវាំង គេមានប្រើជាបង្គន់ចល័ត។ មិនថាស្ដេច មន្ត្រី ឬអ្នកបម្រើគ្រប់ជាន់ថ្នាក់ គឺប្រើបង្គន់ចល័តដូចគ្នា។ ពេលបត់ជើងតូចធំរួច នោះអាមាត្យ ឬស្រីបម្រើ នឹងបាញ់ទឹកអប់ ឬផេះក្លិនរុក្ខជាតិ ដើម្បីកម្ចាត់ក្លិនអាក្រក់ រួចចាក់កាកសំណល់ទាំងឡាយចូលទៅក្នុងរទេះ ហើយរុញទៅចាក់ចោលនៅក្រៅព្រះរាជវាំងតាមច្រកផ្លូវពិសេសមួយ។
មូលហេតុអ្វីបានគេមិនធ្វើបង្គន់នៅក្នុងវាំង? មនុស្សរស់នៅក្នុងរាជវាំងមានចំនួនច្រើន ហើយបើសង់បង្គន់ ក៏ត្រូវការចំនួនច្រើនណាស់ដែរ។ មួយវិញទៀត បើមានបង្គន់ច្រើន នោះក្លិនស្អុយនឹងសាយភាយពេញវាំង ពិសេសគឺប៉ះពាល់ដល់ស្ដេច ហើយធ្វើឲ្យអាប់ព្រះកិត្តិនាមរបស់ខ្សែរាជវង្ស។
យ៉ាងណាមិញ លុះមកដល់ជំនាន់រាជវង្សឈីង ស្ដេចឈានឡុងបានសម្រេចព្រះទ័យកសាងបង្គន់ចំនួន ៣ ដោយបង្គន់២សម្រាប់ព្រះមាតាទ្រង់ និងបង្គន់១ទៀតសម្រាប់ទ្រង់ផ្ទាល់។ ចុះបច្ចុប្បន្ន មានការកសាងបង្គន់ថ្មីថែមទៀតអត់? ដោយសារតែឥលូវរាជវាំង “Forbidden City” ជាតំបន់ទេសចរណ៍ដ៏លេចធ្លោ ហើយមានភ្ញៀវទេសចរជាច្រើនលាននាក់ទៅទស្សនា ដូច្នេះហើយការកសាងបង្គន់ថ្មីត្រូវតែជាតម្រូវការខ្វះមិនបាននោះឡើយ។ បង្គន់ទំនើបថ្មីនៅទីនោះមានចំនួន ១៤ ប្រើប្រាស់សម្រាប់មនុស្សប្រុស ស្រី និងជនពិការ៕ Source: Sabay


