ពិភពលោកនេះ មានទ្វីបទាំងអស់ចំនួន ៧ រួមមានដូចជា អាស៊ី, អាហ្វ្រិក, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អឺរ៉ុប, អូសេអានី និងអង់តាទិក។ ក្នុងនោះមានប្រទេសខ្លះ គឺស្ថិតនៅជាប់ទ្វីប២តែម្តង រួមមានដូចខាងក្រោម៖
-ឥណ្ឌូណេស៊ី៖ ជាប្រទេសដែលមានកោះច្រើនជាងគេ ក្នុងពិភពលោក ក្នុងនោះកោះភាគច្រើន រួមទាំងរដ្ឋធានីហ្សាកាតា គឺស្ថិតក្នុងទ្វីបអាស៊ី (តំបន់អាស៊ីអាគ្នេយ៍) ប៉ុន្តែ ខេត្ត Papua ដែលមានព្រំដែនជាប់ប្រទេសប៉ាពូញ៊ូវហ្គីណេ គឺស្ថិតនៅលើកោះដែលជាទ្វីបអូសេអានី។

-រុស្ស៊ី៖ ជាប្រទេសធំជាងគេបំផុត ក្នុងពិភពលោក ហើយភាគធំដីរុស្ស៊ី ដូចជាតំបន់ស៊ីបេរី ត្រូវបានរាប់ចូលក្នុងទ្វីបអាស៊ី និងមួយផ្នែកទៀត ដែលមានរដ្ឋធានីមូស្គូ ស្ថិតក្នុងទ្វីបអឺរ៉ុប។

-កាហ្សាក់ស្ថាន៖ ភាគច្រើនបំផុតនៃប្រទេស គឺស្ថិតនៅក្នុងទ្វីបអាស៊ី ប៉ុន្តែផ្នែកខ្លះនៅភាគលិច គឺជាប់ទ្វីបអឺរ៉ុប។

-អេហ្ស៊ីប៖ ជាប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិក ប៉ុន្តែតំបន់ស៊ីណៃ ដែលនៅប៉ែកខាងកើត នៃព្រែកជីកស៊ុយអេ គឺនៅជាប់ទ្វីបអាស៊ី (មជ្ឈិមបូព៌ា)។

-ប៉ាណាម៉ា៖ ជាប្រទេសដែលនៅស្ថិតចំណុចបែងចែក រវាងអាមេរិកខាងជើង និងអាមេរិកខាងត្បូង។

-តួកគី៖ ក្រុងអ៊ីស្តានប៊ុល នៃប្រទេសនេះ គឺស្ថិតនៅចំណុចខណ្ឌចែករវាងអឺរ៉ុប និងអាស៊ី។

ក្រៅពីនេះក៏មានដូចជា ប្រទេសអាហ្ស៊ែបៃហ្សង់ អាមេនី និងហ្សកហ្ស៊ី ជាប្រទេសជាប់គ្នា ហើយក៏ជាប្រទេស ដែលមានផ្នែកខ្លះស្ថិតក្នុងទ្វីបអាស៊ី និងអឺរ៉ុបដូចគ្នា៕ Source: Sabay

