ព័ត៌មានអន្តរជាតិ

អាមេរិក​ កំពុងប្រថុយប្រថាន ក្នុងការធ្លាក់ចូលជម្លោះ ដោយផ្ទាល់ជាមួយនឹងរុស្សី

បរទេស៖ ប្រេសិតពិសេសរបស់ប្រទេសរុស្សី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Konstantin Vorontsov ដែលបានធ្វើសេចក្តីថ្លែងការណ៍មួយ ទៅកាន់អង្គប្រជុំរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារម្សិលមិញនេះថា ការបន្តធ្វើសកម្មភាពផ្តល់ជំនួយជាអាវុធ គ្រប់បែបយ៉ាងរបស់អាមេរិក ទៅឲ្យអ៊ុយក្រែន កំពុងធ្វើឲ្យបន្ទាត់ក្រហមកាន់តែលេចរូបរាង ហើយឱកាសនៃការប្រឈមមុខគ្នា ដោយផ្ទាល់ នឹងកើតមានខ្លាំងជាងមិនខាន រវាងភាគីទាំងពីរ។

ការលើកឡើងរបស់លោក Vorontsov ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេលបន្តិច ដែលមន្ទីរប៉ង់តាហ្គោនបានប្រកាស ក្នុងការផ្តល់ជំនួយជាយោធាថ្មីបន្ថែម ប្រមាណជា៦២៥លានដុល្លារ ទៅឲ្យអ៊ុយក្រែនបន្ថែម ពីលើជំនួយរាប់ពាន់លានដុល្លារ កន្លងមកហើយនោះ។

លោក Vorontsov បានថ្លែងបែបនេះថា៖ អាមេរិក​កំពុង​បង្កើន ​ការ​បញ្ជូន​សព្វាវុធជាច្រើនឡើង ទៅ​ឲ្យ​អ៊ុយក្រែន ហើយថែមទាំង​ផ្តល់​ទាំងព័ត៌មាន​ ស៊ើបការណ៍​សម្ងាត់​ដល់​យោធា​ និងដោយមានការប្រើប្រាស់ ឬ​ចូល​រួមដោយ​ផ្ទាល់ពីសំណាក់​​យុទ្ធជន និង​ទីប្រឹក្សា​របស់​ខ្លួន​ក្នុង​ជម្លោះ។នេះមានន័យថាអាមេរិក កំពុងឈានទៅដល់បន្ទាត់ក្រហម និងកាន់តែខិតជិតទៅនឹងភាពគ្រោះថ្នាក់ខ្លាំង ចំពោះមុខនៃលទ្ធភាពប៉ះទង្គិចគ្នា ដោយផ្ទាល់រវាងគ្នា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top