សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លី ចំនួន២គ្រាប់ ចូលទៅក្នុងសមុទ្រ នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទិសដៅប្រទេសជប៉ុន ក្រោយពីមានការវិល ត្រឡប់នាវាផ្ទុកយន្តហោះ របស់សហរដ្ឋអាមេរិក ទៅកាន់តំបន់ និង កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹង ការបាញ់បង្ហោះនាពេលថ្មីៗនេះ របស់កូរ៉េខាងជើង ។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលនេះ គឺជាលើកទី៦ហើយ នៅក្នុងរយៈពេល១២ថ្ងៃ និង ជាលើកដំបូង ចាប់តាំងពីកូរ៉េខាងជើង បានបាញ់មីស៊ីល រយៈចម្ងាយមធ្យម ហៅកាត់ថា (IRBM) រំលងលើប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ដែលបានជំរុញឱ្យមានការហ្វឹកហាត់រួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងអំឡុងពេល ដែលអាវុធមួយបានធ្លាក់ និងផ្ទុះឆេះ ។
ការបាញ់បង្ហោះនេះ ត្រូវបានរាយការណ៍ ដោយអគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង និងរដ្ឋាភិបាលជប៉ុន ។
លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់ដល់អ្នកយកព័ត៌មានថា “នេះគឺជាលើកទី៦ហើយក្នុងរយៈពេលដ៏ខ្លី ដោយគ្រាន់តែរាប់ពីចុងខែកញ្ញា” ។ “នេះពិតជាមិនអាចអត់ឱនបាន” ។
ការបាញ់បង្ហោះនេះ បានធ្វើឡើងប្រហែល១ម៉ោង បន្ទាប់ពីកូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការនិយាយទៅកាន់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិអំពី “វិធានការឆ្លើយតប របស់កងទ័ពប្រជាជនកូរ៉េ របស់ក្រុងព្យុងយ៉ាង ចំពោះសមយុទ្ធរួមគ្នា រវាងកូរ៉េខាងត្បូង-អាមេរិក” ដោយលើកឡើងថា ការសាកល្បងមីស៊ីល របស់ខ្លួន គឺជាប្រតិកម្មចំពោះ ចលនាយោធាសម្ព័ន្ធមិត្ត ។
នៅក្នុងសេចក្តីថ្លែង ការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេស របស់ប្រទេសឯកោមួយនេះ បានដាក់ ប្រទេសកូរ៉េខាងជើង ក៏បានថ្កោលទោស ក្រុងវ៉ាស៊ីនតោន ចំពោះការដាក់ទីតាំងឡើង វិញ នូវនាវាផ្ទុកយន្តហោះអាមេរិក ចេញពីឧបទ្វីបកូរ៉េដោយលើកឡើងថា វាបានគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាព នៃស្ថានការណ៍ ។
គេបានដឹងថា នាវា USS Ronald Reagan និងក្រុមវាយប្រហារ របស់ខ្លួននៃនាវាចម្បាំង ដែលអមដំណើរ ត្រូវបានដាក់ពង្រាយឡើងវិញភ្លាមៗ ជាការឆ្លើយតបទៅនឹងការ បាញ់បង្ហោះ IRBM របស់កូរ៉េខាងជើង រំលងលើប្រទេសជប៉ុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា