ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា មិនបានបញ្ជូនអាវុធ ទៅឲ្យរុស្ស៊ី សម្រាប់ធ្វើសង្គ្រាម នៅអ៊ុយក្រែននោះទេ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់ មិនបានបញ្ជូនអាវុធទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែននោះទេ ហើយនឹងមិនធ្វើដូច្នេះ នៅពេលអនាគតឡើយ។

លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុង ការហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីហ្វាំងឡង់ Pekka Haavisto នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងការបរទេសអ៊ីរ៉ង់ នៅលើគេហទំព័រ របស់ខ្លួនកាលពីថ្ងៃសុក្រ ។

លោកបានលើកឡើងថា អ៊ីរ៉ង់នៅតែថាដំណោះស្រាយ ចំពោះវិបត្តិនៅអ៊ុយក្រែន គួរតែជានយោបាយមួយ ហើយជំនួយផ្នែកយោធាណាមួយ ដល់ភាគីទាំងពីរនឹងពន្យារឱកាស បង្កើតសន្តិភាពតែប៉ុណ្ណោះ ។

ថ្មីៗនេះ ក្រសួងការបរទេសអ៊ុយក្រែន បានសម្រេចចិត្តទម្លាក់ចំណាត់ថ្នាក់ ទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងដកការទទួលស្គាល់ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជុំវិញអ្វីដែលខ្លួនហៅថាជា “ទង្វើមិនរាក់ទាក់” របស់អ៊ីរ៉ង់ ក្នុងការ “ផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ី ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន” ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top