ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ ទីក្រុងហុងកុងអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ប្រសិនបើខ្លួនផ្តល់ជម្រក ដល់អ្នកគេចពីការដាក់ទណ្ឌកម្ម ។ សហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃសៅរ៍ បន្ទាប់ពីទីក្រុងនេះបានឲ្យដឹងថា ខ្លួននឹងមិនធ្វើសកម្មភាពប្រឆាំង នឹងនាវាទំនើបមួយដែលត្រូវបានគេរាយការណ៍ថា ជាកម្មសិទ្ធិរបស់សម្ព័ន្ធមិត្តវិមានក្រឹមឡាំងនោះទេ។
The Nord ដែលកប៉ាល់ប្រណីត តម្លៃ១៤២លានដុល្លារអាមេរិក ដែលមានទំនាក់ទំនង ជាមួយមហាសេដ្ឋីរុស្ស៊ី Alexei Mordashov បានមកដល់ដែនទឹករបស់ចិន នៅក្នុងសប្តាហ៍នេះ ។
គេបានដឹងថា លោក Mordashov ស្ថិតក្នុងចំណោមមហាសេដ្ឋី ដែលស្និទ្ធនឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហើយត្រូវបានគេកំណត់គោលដៅ ដោយការដាក់ទណ្ឌកម្មរបស់លោកខាងលិច បន្ទាប់ពីការឈ្លានពានរបស់ក្រុងម៉ូស្គូ មកលើអ៊ុយក្រែន ។
ពួកគេខ្លះមានទូកទេសចរណ៍ ប្រណីតរបស់ពួកគេរឹបអូសនៅកន្លែង ដូចជាអេស្ប៉ាញ និងហ្វីជី ប៉ុន្តែក្រុងហុងកុងបានឲ្យដឹងកាលពីថ្ងៃសុក្រថា ខណៈដែលខ្លួនអនុវត្តទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ វាមិនអាចអនុវត្តការដាក់ទណ្ឌកម្ម “ឯកតោភាគី” ដោយប្រទេស ឬប្លុកនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ជាការឆ្លើយតបថា “ការប្រើប្រាស់ទីក្រុងហុងកុងដែលអាចមានជាជម្រកសុវត្ថិភាព ដោយបុគ្គលដែលគេចចេញពីទណ្ឌកម្ម ពីដែនសមត្ថកិច្ចជាច្រើន បានចោទសួរបន្ថែមអំពីតម្លាភាពនៃបរិយាកាសអាជីវកម្ម” ។
“កេរ្តិ៍ឈ្មោះរបស់ហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ អាស្រ័យទៅលើការប្រកាន់ខ្ជាប់នូវច្បាប់ និងស្តង់ដារអន្តរជាតិ” ។
កប៉ាល់ដែលជាកម្មសិទ្ធិ របស់អ្នកជិតស្និទ្ធនឹងលោក ពូទីន បានក្លាយជាគោលដៅ សម្រាប់សម្ព័ន្ធមិត្តលោកខាងលិច របស់អ៊ុយក្រែនដែលកំពុងតាមប្រមាញ់ទ្រព្យសម្បត្តិ របស់ឥស្សរជនដែលត្រូវបានដាក់ទណ្ឌកម្ម ខណៈដែលពួកគេស្វែងរក ការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូចំពោះការឈ្លានពាន មកលើអ៊ុយក្រែន៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា