បរទេស៖ ការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើន បានវាយប្រហារទៅលើទីក្រុងនានា របស់អ៊ុយក្រែន នៅទូទាំងប្រទេស កាលពីព្រឹកថ្ងៃចន្ទ នេះបើយោងតាមមន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយដែលបានសន្មតថា ការវាយប្រហារនេះគឺមកពីប្រទេសរុស្ស៊ី។ ការវាយប្រហារនេះកើតឡើង២ថ្ងៃ បន្ទាប់ពីគ្រាប់បែកបានបំផ្លាញស្ពាន នៅតំបន់គ្រីមៀ ដែលជាស្ពានយុទ្ធសាស្ត្រ ដែលការបំផ្ទុះនេះ ត្រូវបានទីក្រុងម៉ូស្គូហៅថា ជាការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ពីការវាយប្រហារ លើរដ្ឋធានីគៀវ និងទីក្រុង Dnepr និង Zaporozhye មុនពេលជំរុញឱ្យប្រជាជនជ្រកកោន ដើម្បីសុវត្ថិភាព។ មន្ត្រីក្នុងតំបន់នៅ Lviv, Kharkov និង Odessa ក៏បានរាយការណ៍ថា ទីក្រុងរបស់ពួកគេ ស្ថិតក្រោមការវាយប្រហារ។
នៅទីក្រុង គៀវ ការខូចខាតពីការវាយប្រហារ ត្រូវបានគេរាយការណ៍នៅជិតទីស្នាក់ការកណ្តាល នៃសេវាសន្តិសុខអ៊ុយក្រែន (SBU) ដែលមានទីតាំងនៅតំបន់រដ្ឋាភិបាល ក្នុងរដ្ឋធានី។ មន្ត្រីក្រុងបានបញ្ឈប់ប្រតិបត្តិការ នៃប្រព័ន្ធរថភ្លើងក្រោមដី ហើយស្ថានីយ៍នានា ឥឡូវនេះត្រូវបានប្រើប្រាស់ ជាជម្រកសម្រាប់ជនស៊ីវិល៕ ប្រែសម្រួលៈ ណៃ តុលា