តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានព្រមានកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងអឺរ៉ុប កុំឱ្យពាក់ព័ន្ធបញ្ហាផ្ទៃក្នុង របស់អ៊ីរ៉ង់នាពេលថ្មីៗនេះ ជាមួយនឹងកិច្ចចរចា នុយក្លេអ៊ែរ។
លោក Kanaani បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍របស់លោកថា “យើងជឿថាបញ្ហាផ្ទៃក្នុង គឺទាក់ទងទៅនឹងរដ្ឋាភិបាល អ៊ីរ៉ង់ និងប្រជាជនអ៊ីរ៉ង់ ហើយយើងមិនអនុញ្ញាតឱ្យប្រទេស ណាមួយជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃ ក្នុងរបស់អ៊ីរ៉ង់នោះទេ” ។
លោកបានបន្ថែមថា “ជំហរ និងទស្សនៈរបស់អ៊ីរ៉ង់ លើកិច្ចចរចានុយក្លេអ៊ែរ ត្រូវបានបង្ហាញជាច្រើនដង ហើយយើងត្រៀមខ្លួនជាស្រេច ដើម្បីបន្តក្នុងទិសដៅដូចគ្នា និងឈានដល់កិច្ចព្រមព្រៀង ទូលំទូលាយ ដែលនឹងបំពេញផលប្រយោជន៍ របស់ភាគីទាំងអស់” ។
កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បានចាប់ផ្តើម នៅក្នុងខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយែន ប៉ុន្តែត្រូវបានផ្អាក នៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នា ខាងនយោបាយរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ។ ជុំចុងក្រោយនៃកិច្ចចរចានុយក្លេអ៊ែរ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីអូទ្រីស កាលពីដើមខែសីហា បន្ទាប់ពីបានផ្អាកអស់រយៈពេល ៥ខែ។
កាលពីថ្ងៃទី០៨ ខែសីហា សហភាពអឺរ៉ុប បានដាក់ចេញអត្ថបទចុងក្រោយរបស់ខ្លួន នៃសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការរស់ឡើងវិញនូវ JCPOA ។ ក្រោយមក អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរ ទស្សនៈដោយប្រយោលលើ សំណើរបស់សហភាពអឺរ៉ុប នៅក្នុងដំណើរការ ដែលរហូតមកដល់ពេលនេះ បានបរាជ័យក្នុងការបង្កើត លទ្ធផលអំណោយផលណាមួយ៕
ប្រែសម្រួល ឈូក បូរ៉ា