ព័ត៌មានអន្តរជាតិ

Update​ ៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំសមយុទ្ធយោធា ទ្រង់ទ្រាយធំ ឆ្លើយតបទៅនឹង សមយុទ្ធរបស់អាមេរិក និងកូរ៉េខាងត្បូង

សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹង នៅថ្ងៃចន្ទនេះថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានដឹកនាំសមយុទ្ធនាពេលថ្មីៗនេះ ដោយអង្គភាពប្រតិបត្តិការ នុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹង សមយុទ្ធកងទ័ពជើងទឹក ទ្រង់ទ្រាយធំ ដោយកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានបង្កើនភាពតានតឹងក្នុងតំបន់ ។

ទីភ្នាក់ងារ KCNA បានរាយការណ៍ថា ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធពាក់ព័ន្ធ នឹងមីស៊ីលផ្លោងជាមួយ នឹងក្បាលគ្រាប់នុយក្លេអ៊ែរ ។ ទីភ្នាក់ងារ KCNA បានរាយការណ៍ថា វាគឺដើម្បីបញ្ជូនសារដ៏រឹងមាំ នៃការរារាំងសង្គ្រាម ។ ទីភ្នាក់ងារបានរាយការណ៍ទៀតថា ពួកគេត្រូវបានធ្វើឡើងដើម្បីកំណត់គោលដៅ អាកាសយានដ្ឋានសត្រូវ និងកំពង់ផែសំខាន់ៗ ។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា “ប្រសិទ្ធភាព និងសមត្ថភាពប្រយុទ្ធជាក់ស្តែង នៃកម្លាំងប្រយុទ្ធនុយក្លេអ៊ែ របស់យើងត្រូវបានបង្ហាញយ៉ាងពេញទំហឹង ព្រោះវាត្រៀមខ្លួនទាំងស្រុងក្នុងការវាយលុក និងបំផ្លាញគោលដៅគ្រប់ ពេលវេលា ពីទីតាំងណាមួយ” ។

ទីភ្នាក់ងារ KCNA បានដកស្រង់សំដីលោក គីម ថា “ទោះបីជាសត្រូវនៅតែបន្តនិយាយអំពីការសន្ទនា និងការចរចាក៏ដោយ យើងមិនមានអ្វីត្រូវនិយាយអំពី ហើយក៏មិនមានអារម្មណ៍ថា ត្រូវការធ្វើដូច្នេះដែរ” ៕

Most Popular

To Top