តៃប៉ិ ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានឲ្យដឹងថា លោកស្រី ប្តេជ្ញាបង្កើនសមត្ថភាព ការពារដែនកោះ ដែលគ្រប់គ្រង ដោយខ្លួនឯង ប៉ុន្តែការប្រឈមមុខ ដាក់អាវុធជាមួយចិនគឺ “មិនមែនជាជម្រើស” ឡើយ ទោះបីជាភាពតានតឹងកើនឡើង នៅក្នុងទំនាក់ទំនងឆ្លងកាត់ច្រក សមុទ្រក៏ដោយ។

នៅក្នុងសុន្ទរកថា មួយដើម្បីប្រារព្ធខួបលើកទី១១១ នៃការបង្កើតសាធារណរដ្ឋចិន ដូចដែលតៃវ៉ាន់ ហៅខ្លួនឯងនោះ លោកស្រី Tsai បានលើកឡើងថា រដ្ឋបាលរបស់លោកស្រី មានឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងប៉េកាំង ហើយអ្វីដែលពួកគេត្រូវការ គឺការគោរពគ្នាទៅវិញទៅមក។
សុន្ទរកថារបស់លោកស្រី ដែលអំពាវនាវ ឱ្យមានការសន្ទនាដោយផ្អែកលើ “សមហេតុផល” និង “សមភាព” បានកើតឡើងនៅពេល ដែលទំនាក់ទំនង របស់ពួកគេកាន់តែតានតឹង ចាប់តាំងពីដំណើរទស្សនកិច្ចដ៏ល្បីមួយ ទៅកាន់កោះតៃវ៉ាន់ ដោយប្រធានសភាអាមេរិកលោកស្រី Nany Pelosi ក្នុងខែសីហា និងយោធាចិន ធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅច្រកសមុទ្របន្ទាប់ពីនោះ។

នៅពេលដែលការបើកសមាជ រយៈពេល ២ដងក្នុងមួយទសវត្សរ៍ របស់បក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច កាន់តែខិតជិតដល់ថ្ងៃអាទិត្យ ដែលមេដឹកនាំចិនលោក Xi Jinping ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងឈ្នះអាណត្តិ ៥ឆ្នាំទី៣ ដែលមិនធ្លាប់មានពីមុនមកនោះ លោកស្រី Tsai បានលើកឡើងថា “ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់លាស់ចំពោះអាជ្ញាធរក្រុងប៉េកាំង ដែលប្រដាប់ដោយអាវុធថា ការប្រឈមមុខដាក់គ្នា គឺមិនមែនជាជម្រើសសម្រាប់ភាគីទាំងពីរឡើយ” ។
លោកស្រីបន្ថែម “មានតែការគោរពការប្តេជ្ញាចិត្ត របស់ប្រជាជនតៃវ៉ាន់ ចំពោះអធិបតេយ្យភាព លទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់យើងប៉ុណ្ណោះ ទើបអាចមានមូលដ្ឋានគ្រឹះ សម្រាប់ការបន្តទំនាក់ទំនងស្ថាបនាឡើងវិញ នៅទូទាំងច្រកសមុទ្រតៃវ៉ាន់”៕
ប្រែសម្រួល ឈូក បូរ៉ា
