តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីមួយ ដែលនាំយកឈ្មោះធំៗ២ ក្នុងអាជីវកម្មជប៉ុន គឺក្រុមហ៊ុន Honda និងក្រុមហ៊ុន Sony បានចាប់ផ្តើមជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ។
នាយកប្រតិបត្តិ Yasuhide Mizuno បានប្រាប់អ្នកសារព័ត៌មានថា រថយន្តអគ្គិសនីពីក្រុមហ៊ុន Sony Honda Mobility Inc នឹងដាក់លក់នៅឆ្នាំ ២០២៥ ជាមួយនឹងការចែកចាយដំបូងនៅសហរដ្ឋអាមេរិកនៅដើមឆ្នាំ ២០២៦ ហើយនៅប្រទេសជប៉ុនក្រោយឆ្នាំនោះ និងការបញ្ជាទិញជាមុនចាប់ផ្តើមឆ្នាំ២០២៥។
កាលខែមីនា ក្រុមហ៊ុន Sony Group Corp និង Honda បានយល់ព្រមបង្កើតក្រុមហ៊ុន បណ្តាក់ទុនរួមគ្នា ៥០-៥០ ដោយមានគំនិត នៃការប្រមូលផ្តុំជំនាញរបស់ Honda ក្នុងផ្នែករថយន្ត បច្ចេកវិទ្យាចល័ត និងការលក់ជាមួយនឹងជំនាញរូបភាព បណ្តាញ ឧបករណ៍ចាប់សញ្ញា និងការកម្សាន្តរបស់ Sony ។
ប៉ុន្តែមន្ត្រីបាននិយាយថា ការផលិតនឹងធ្វើឡើងនៅរោងចក្រមួយ ក្នុងចំណោមរោងចក្រទាំង ១២ របស់ក្រុមហ៊ុន Honda នៅសហរដ្ឋអាមេរិក ប៉ុន្តែព័ត៌មានលម្អិតដូចជាតម្លៃ វេទិកា និង ប្រភេទអាគុយត្រូវប្រើ មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ ។ បរិមាណផលិតកម្ម ក៏មិនត្រូវបានផ្តល់ឲ្យ នេះគឺជាគំរូពិសេស ហើយមិនមានបំណង សម្រាប់ការលក់ដ៏ធំនោះទេ ។
លោក Mizuno មកពីក្រុមហ៊ុន Honda Motor Co បាននិយាយថា កិច្ចសហប្រតិបត្តិការនេះនាំមក នូវផ្នែករឹង និងសូហ្វវែររួមគ្នា ដើម្បីផ្តល់នូវបទ ពិសោធន៍ដ៏ គួរឲ្យរីករាយក្នុងការផ្លាស់ប្តូរ។ លោក Mizuno បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងតូក្យូ វាចាំបាច់ក្នុងការ ទទួលយកវិធីសាស្រ្តថ្មីទាំងស្រុង យើងចង់បង្កើតវាថ្មីទាំងស្រុង ។
សហរដ្ឋអាមេរិកត្រូវបានជ្រើសរើស សម្រាប់ការដាក់ឲ្យដំណើរការដោយសារតែរថយន្តអគ្គិសនី កំពុងពេញនិយមនៅទីនោះ។ លោកបានបន្តថា ប្រទេសជប៉ុន បានជាប់ចំណាត់ ថ្នាក់លេខពីរខណៈទីផ្សារផ្ទះរបស់ក្រុមហ៊ុន Honda ហើយទីផ្សារផ្សេងទៀត រួមទាំងអឺរ៉ុបនឹងធ្វើតាម ប៉ុន្តែមិនមាន កាលបរិច្ឆេទកំណត់ទេ ៕