ព័ត៌មានអន្តរជាតិ

Update៖កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចូលក្នុងសមុទ្រទៀតហើយថ្ងៃនេះ ខណៈកូរ៉េខាងត្បូងវាយប្រហារទៅលើយន្តហោះចម្បាំងហោះ ហើររំលោភលើដែនដីរបស់ខ្លួន

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថា យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចូលទៅក្នុងសមុទ្រដែលបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅព្រឹកថ្ងៃសុក្រនេះ នេះគឺជាការបាញ់បង្ហោះចុងក្រោយបង្អស់ ដោយប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ ។

នៅមុននេះ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានវាយលុកយន្តហោះចម្បាំង នៅគ្រាដែលយន្តហោះយោធាកូរ៉េខាងជើងប្រហែល១០គ្រឿងបានហោះទៅជិតព្រំដែនដែលបែងចែកប្រទេសទាំង២ ចំពេលមានភាពតានតឹងកាន់តែខ្លាំងចំពោះការសាកល្បងមីស៊ីលកូរ៉េខាងជើងម្តងហើយម្តងទៀត ។

ទីភ្នាក់ងារសារព័ត៌មានហៅកាត់ថា KCNA របស់កូរ៉េខាងជើង បានដកស្រង់សម្តីយោធារបស់ប្រទេសនេះ ដោយបានលើកឡើងថា ខ្លួនបានចាត់វិធានការតបតយោធាយ៉ាងខ្លាំងក្លា បន្ទាប់ពីសមយុទ្ធបាញ់កាំភ្លើងធំរបស់កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ។

ឧប្បត្តិហេតុនេះបានធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់ទីភ្នាក់ងារ KCNA កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំគីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួន២កាលពីថ្ងៃពុធ ដើម្បីបញ្ជាក់ពីភាពជឿជាក់នៃអាវុធនុយក្លេអ៊ែរដែលដាក់ពង្រាយដល់អង្គភាពយោធា ។

គេបានដឹងថា ភាពញឹកញាប់នៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បានធ្វើឱ្យមានការព្រួយបារម្ភថា ខ្លួនអាចនឹងកំពុងរៀបចំឡើងវិញនូវការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ទោះបីជាអ្នកវិភាគមួយចំនួនមិនរំពឹងអំពីរឿងនេះ មុនពេលដែលប្រទេសជិតខាងចិន បញ្ចប់សមាជបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ខ្លួនដែលចាប់ផ្តើមនៅថ្ងៃ ថ្ងៃទី១៦ ខែតុលាខាងមុខនេះ ៕

Most Popular

To Top