ព័ត៌មានអន្តរជាតិ

សហព័ន្ធអារ៉ាប់ សម្ដែងការគាំទ្រ​ យ៉ាងពេញទំហឹង ចំពោះការសម្រេច របស់អារ៉ាប៊ីសាអូឌីត ក្នុងការកាត់បន្ថយ ការផលិតប្រេង

គ៊ែរ ៖ ប្លុកអារ៉ាប់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul-Gheit នៅថ្ងៃសុក្រនេះបានសម្តែង “ការគាំទ្រពេញទំហឹង” សម្រាប់ការសម្រេចចិត្ត របស់អារ៉ាប៊ីសាអូឌីត ក្នុងការកាត់បន្ថយការផលិតប្រេង។

លោក Aboul-Gheit បានថ្កោលទោស យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយដ៏ឃោរឃៅ ដែលបានចាប់ផ្តើមប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការប្រកាសសេចក្តីសម្រេច របស់អង្គការ OPEC+ ក្នុងការកាត់បន្ថយទិន្នផលប្រេងរបស់ខ្លួន។

លោកបានលើកឡើងថា “សេចក្តីថ្លែងការណ៍ទាំងនោះមានគោលបំណង ធ្វើនយោបាយលើការសម្រេចចិត្តសេដ្ឋកិច្ចសុទ្ធសាធ ដែលចាំបាច់សម្រាប់ស្ថិរភាព នៃសេដ្ឋកិច្ចពិភពលោក ក្នុងការប្រឈមមុខនឹង បញ្ហាប្រឈមដ៏គ្រោះថ្នាក់ ដែលកំពុងបន្ត”។

មេដឹកនាំសម្ព័ន្ធអារ៉ាប់ ក៏បានសរសើរយុទ្ធសាស្ត្រតុល្យភាព របស់អារ៉ាប៊ីសាអូឌីត សម្រាប់ស្ថិរភាពទីផ្សារប្រេង និងជំហររបស់ខ្លួនលើកង្វល់ នយោបាយសកល និងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អង្គការ នៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមសមាជិក ២៣ ដែលគេស្គាល់ថា OPEC+ បានសម្រេចចិត្តកាត់បន្ថយផលិតកម្ម ប្រចាំថ្ងៃចំនួន ២លានបារ៉ែលចាប់ពីខែវិច្ឆិកា៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top