ព័ត៌មានអន្តរជាតិ

បាតុករ Just Stop Oil ជះទឹកប៉េងប៉ោះ លើស្នាដៃ Sunflowers របស់ Van Gogh

ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មនុស្ស២នាក់ត្រូវបានចាប់ខ្លួន ពីបទខូចខាតផ្នែកព្រហ្មទណ្ឌ និងការរំលោភបំពានធ្ងន់ធ្ងរ មុនពេលដែលមន្ត្រី បានចាប់ផ្តើមដោះចំណងដៃរបស់ពួកគេ ដែលពួកគេបានស្អិតជាប់នឹងជញ្ជាំង។

សកម្មជន Just Stop Oil បានជះទឹកប៉េងប៉ោះ លើស្នាដៃរបស់ Van Gogh Sunflowers នៅវិចិត្រសាលជាតិ។ ក្រុមយុទ្ធនាការបាននិយាយថា ស្ត្រី២នាក់បានដើរចូលទៅក្នុងបន្ទប់មួយ នៅវិចិត្រសាលានាទីលាន Trafalgar ទីក្រុងឡុងដ៍នៅម៉ោងប្រហែល ១១ ព្រឹក។

ពួកគេបានជះទឹកប៉េងប៉ោះ Heinz ចំនួន២លើផ្ទាំងគំនូរដ៏ល្បីល្បាញឆ្នាំ ១៨៨៨ មានតម្លៃប៉ាន់ស្មាន ៧២.៥ លានផោន។ ប៉ូលិសឃាត់ខ្លួនមនុស្ស២នាក់ ពីបទបង្ករបួសស្នាម និងបទល្មើសមានស្ថានទម្ងន់ទោស។ វិចិត្រសាលជាតិបាននិយាយថា ផ្ទាំងគំនូរមានការខូចខាតតិចតួច ចំពោះស៊ុមនៃផ្ទាំងគំនូរ ប៉ុន្តែការងារនេះគឺគ្មានគ្រោះថ្នាក់ ហើយឥឡូវនេះត្រូវបានដាក់បង្ហាញឡើងវិញ។

វីដេអូមួយបង្ហាញពីស្ត្រី២នាក់ពាក់អាវយឺត Just Stop Oil កាន់ដៃម្ខាងទៅជញ្ជាំងខាងក្រោមផ្ទាំងគំនូរ ដែលត្រូវបានការពារដោយបន្ទះកញ្ចក់។ សកម្មជនបម្រែបម្រួលអាកាសធាតុម្នាក់ Phoebe Plummer អាយុ ២១ ឆ្នាំបានស្រែកឡើងថា តើអ្វីដែលមានតម្លៃជាងនេះទៅទៀត? សិល្បៈ ឬជីវិត?

ថ្ងៃសុក្រគឺជាថ្ងៃទី ១៤ នៃបាតុកម្មមានទំនាក់ទំនងជាមួយក្រុមនេះ ដែលចង់ឲ្យរដ្ឋាភិបាលបញ្ឈប់ ការចេញអាជ្ញាប័ណ្ណប្រេង និងឧស្ម័នថ្មីទាំងអស់។ សកម្មជនរបស់ក្រុមនេះ បាននឹងកំពុងបិទផ្លូវជុំវិញសភា និងកន្លែងផ្សេងទៀតក្នុងទីក្រុងឡុងដ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

កាលពីថ្ងៃអាទិត្យមុន ប៉ូលិសបាននិយាយថា មនុស្សជាង ១០០ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីសកម្មភាពតវ៉ាមួយចុងសប្តាហ៍ ដោយក្រុមបរិស្ថាន៕ ដោយ៖លី ភីលីព

Most Popular

To Top