ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងនាំចេញទៅកាន់ឥណ្ឌា នូវអង់តែនបំបាំងកាយ បំពាក់លើនាវាពិឃាតថ្មី

តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងនាំចេញទៅកាន់ប្រទេសឥណ្ឌា នូវអង់តែនបំបាំងកាយ ដែលបំពាក់នៅលើនាវាពិឃាត របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ខណៈដែលប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។

 ប្រសិនបើ​បាន​សម្រេច វា​នឹង​ក្លាយ​ជា​ករណី​នាំ​ចេញ​ លើក​ដំបូង​ក្រោម​កិច្ច​ព្រម​ព្រៀង​ជប៉ុន-ឥណ្ឌា​ ស្តីពី​ឧបករណ៍​ការពារ​ជាតិ និង​ការ​ផ្ទេរ​បច្ចេកវិជ្ជា​ ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ២០១៥។

 ប្រភពបានឲ្យដឹងថា ការនាំចេញដែលបានរំពឹងទុក គឺមានបំណងជំរុញឱ្យឥណ្ឌា កាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី ក្នុងការទិញឧបករណ៍យោធា និងជំរុញទំនាក់ទំនងការពារជាតិរវាងជប៉ុន និងឥណ្ឌាចំពេលមានការកើនឡើង នៃយោធារបស់ចិន។

 ប្រទេសជប៉ុន មានបំណងចង់បង្កើនការនាំចេញ ឧបករណ៍ការពារជាតិ និងបច្ចេកវិជ្ជារបស់ខ្លួន ដើម្បីជំរុញឧស្សាហកម្មការពារជាតិក្នុងប្រទេស បើទោះបីជាខ្លួនបានកំណត់លក្ខខណ្ឌតឹងរ៉ឹង ដោយសាររដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្គ្រាមក៏ដោយ។

 ជាឧទាហរណ៍ គោលការណ៍ត្រួតស៊ីគ្នាទាំងបី លើការផ្ទេរឧបករណ៍ការពារបានឲ្យដឹងថា ការផ្ទេរនេះមិនគួរប្រើ សម្រាប់បទល្មើសនោះទេ ប៉ុន្តែគោលបំណងដូចជាការឃ្លាំមើល និងការបោសសម្អាតមីនជាដើម។

 ប្រទេសជប៉ុន គ្រោងនឹងនាំចេញ ទៅកាន់ប្រទេសឥណ្ឌា នូវប្រព័ន្ធមួយហៅថា Unicorn ដែលក្នុងនោះអង់តែនជាច្រើនត្រូវបានដាក់ក្នុងរចនាសម្ព័ន្ធរាងស្នែង។  វាត្រូវបានបំពាក់នៅលើនាវាពិឃាតថ្មី FFM របស់កងកម្លាំងស្វ័យការពារជប៉ុន ដែលត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២២៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top