បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យបញ្ជូនអាវុធបន្ថែម ដែលមានតម្លៃ ៧២៥ លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន ។ សេតវិមានមិនបានបញ្ជាក់ថា តើការចំណាយចុងក្រោយបង្អស់ នឹងមានអ្វីនោះទេ គ្រាន់តែថាវានឹងក្លាយជាការចំណាយមួយទៀត នៃក្រសួងការពារជាតិ «អត្ថបទនិងសេវាកម្មការពារជាតិ»។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានបំភ្លឺ នៅពេលក្រោយថា កញ្ចប់ជំនួយនឹងរួមបញ្ចូល បរិមាណមិនជាក់លាក់នៃ “គ្រាប់រំសេវបន្ថែម សម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS)” រាប់ពាន់គ្រាប់កាំភ្លើងធំ 155 មីលីម៉ែត្រ និង Humvees ច្រើនជាង 200 បន្ថែមទៀត។
កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្តេជ្ញាថា នឹងពន្លឿនការដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាស ចំនួនពីរ ក្នុងចំណោមប្រព័ន្ធការពារដែនអាកាស NASAMS ចំនួនប្រាំបី ដែលខ្លួនបានសន្យាជាយូរមកហើយ ទៅកាន់ប្រទេសអ៊ុយក្រែន។ យ៉ាងណាមិញ កញ្ចប់ថ្មីនេះ នឹងមិនរួមបញ្ចូលសមត្ថភាពប្រឆាំង ដែនអាកាសបន្ថែមទៀតទេ។
ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ បានសន្យាថា នឹងបង្កើនការការពារដែនអាកាស របស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចមីស៊ីល របស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរទៅលើអ៊ុយក្រែន កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។ ទីក្រុងមូស្គូបាននិយាយថា ពួកគេឆ្លើយតបទៅនឹង “កលល្បិចភេរវករ” ដែលប្រើប្រាស់ដោយទីក្រុងគៀវ ដែលរួមមានការប៉ុនប៉ង បំផ្លិចបំផ្លាញនៅរោងចក្រថាមពលនុយក្លេអ៊ែរ Kursk និងបំពង់បង្ហូរឧស្ម័ន TurkStream ក៏ដូចជាការទម្លាក់គ្រាប់បែកលើស្ពាន Crimean ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា