ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងទទួលបានប្រព័ន្ធការពារ ដែនអាកាស NASAMS ដើម្បីទប់ទល់នឹងការវាយប្រហារ របស់រុស្ស៊ីនាពេលខាងមុខនេះ

បរទេស៖ ក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកគ្រោងនឹងផ្គត់ផ្គង់ ដល់ប្រទេសអ៊ុយក្រែន ជាមួយនឹងក្រុមទីមួយនៃប្រព័ន្ធមីស៊ីល លើផ្ទៃទៅអាកាសកម្រិតខ្ពស់ (NASAMS) ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
រដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន​ បាន​សន្យា​ពង្រឹង​សមត្ថភាព​ការពារ​ដែនអាកាស ​របស់​ក្រុង​គៀវ បន្ទាប់ពី​រុស្ស៊ី​បាន​បាញ់ផ្លោងមីស៊ីល លើ​គោលដៅ​យោធា​អ៊ុយក្រែន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ កាលពី​សប្តាហ៍​មុន ជុំវិញ​អ្វី​ដែល​ខ្លួន​ហៅថា​ជា «​ការ​វាយប្រហារ​ភេរវកម្ម​» លើ​ស្ពាន​គ្រីមៀ​ជា​យុទ្ធសាស្ត្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា ទីក្រុងគៀវ នឹងទទួលបានប្រព័ន្ធការពារដែនអាកាស NASAMS ដើម្បីទប់ទល់នឹងការវាយប្រហារ របស់រុស្ស៊ីនាពេលខាងមុខនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់មន្ទីរប៉ង់តាហ្គោនម្នាក់ ដែលមិនបញ្ចេញឈ្មោះបាននិយាយថា សហរដ្ឋអាមេរិកកំពុងសម្លឹងរកការព្យាយាម ដើម្បីទទួលបាន NASAMS ដំបូងចូលទៅក្នុងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយបន្ថែមថា ខ្លួនបានផ្តល់ឲ្យទីក្រុងគៀវ នូវប្រព័ន្ធការពារដែនអាកាស បាញ់ចេញពីលើស្នា Stinger ជាង ១ ៤០០ គ្រឿងរួចជាស្រេច។

លោក​បាន​បន្ត​ថា សហរដ្ឋ​អាមេរិក​ជឿ​ជាក់​ថា ការ​ប្រគល់​ទាំង​នេះ​ ទៅ​ឲ្យ​អ៊ុយក្រែន «បន្ត​ជា​តំបន់​នៃ​ការ​សង្កត់​ធ្ងន់» សម្រាប់​ប្រទេស​លោក​ខាង​លិច។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្តេជ្ញាថា នឹងពន្លឿនការដឹកជញ្ជូន ២ក្នុងចំណោម ៨ របស់ NASAMS ដែលខ្លួនបានសន្យាជាយូរមកហើយ ទៅកាន់ទីក្រុងគៀវ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top