បរទេស៖ រុស្ស៊ីគឺជាការគំរាមកំហែងដ៏ធំដល់អង្គការណាតូ និងបណ្តាប្រទេសលោកខាងលិចទាំងអស់, នេះបើតាមអ្វីដែលប្រធានសេវាព័ត៌មានសន្តិសុខឆេក (BIS) លោក Michal Koudelka បានប្រាប់សមាជិកសភារបស់ប្រទេសនេះកាលពីសប្តាហ៍មុន។ កាលពីថ្ងៃច័ន្ទ ទីភ្នាក់ងាររបស់លោកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំដោយដាក់ឈ្មោះថា រុស្ស៊ី ចិន និងអ៊ីរ៉ង់ ជាប្រទេសដែលជាប់ពាក់ព័ន្ធក្នុង “សកម្មភាពស៊ើបការណ៍សម្ងាត់ និងវិទ្ធង្សនា” ដែលផ្តោតលើសាធារណរដ្ឋឆេក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Koudelka បានប្រាប់ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់ និងអ្នកជំនាញដែលរៀបចំដោយសភាឆេកកាលពីសប្តាហ៍មុនថា “រុស្ស៊ីបានចាត់ទុកយើងថាជាសត្រូវរបស់ខ្លួន ហើយរុស្ស៊ីចង់បំផ្លាញសត្រូវរបស់ខ្លួន នោះគឺជាពួកយើង NATO និងសហគមន៍លោកខាងលិច” លោកបានអះអាងថា ទីក្រុងម៉ូស្គូ «នឹងប្រើប្រាស់គ្រប់មធ្យោបាយ លទ្ធភាពទាំងអស់ដែលខ្លួនមាន» ដើម្បីសម្រេចបាននូវគោលដៅនេះ។

លោក Koudelka ក៏បាននិយាយផងដែរថា សកម្មភាពរបស់រុស្ស៊ីគំរាមកំហែងដល់ “សកម្មភាពរួបរួមរបស់រដ្ឋសមាជិក [EU]” ប្រឆាំងនឹងរុស្ស៊ីខ្លួនឯង ដោយហៅវាថាជា “ហានិភ័យធំបំផុត” ដែលសហគមន៍លោកខាងលិចកំពុងប្រឈមនៅពេលនិយាយអំពីទីក្រុងម៉ូស្គូ។ លោកជឿថា រុស្ស៊ីកំពុងស្វែងរកការបញ្ចុះបញ្ចូលអឺរ៉ុបថា ការផ្គត់ផ្គង់ថាមពលរបស់ខ្លួនគឺចាំបាច់សម្រាប់សុខុមាលភាពរបស់អឺរ៉ុប ហើយថា ទណ្ឌកម្មលើរុស្ស៊ីធ្វើឱ្យប៉ះពាល់ដល់អឺរ៉ុបច្រើនជាងជនជាតិរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា
