ព័ត៌មានអន្តរជាតិ

អាមេរិក ប្រើយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅហោះស្ទាក់យន្ត ហោះទម្លាក់គ្រាប់បែក ២គ្រឿង របស់រុស្ស៊ី ក្នុងដែនអាកាសអន្តរជាតិ

បរទេស ៖ ទីបញ្ជាការការពារដែន អាកាសអាមេរិកខាងជើង (NORAD) បានប្រើយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿង ដើម្បីហោះប្រដេញ “រក និង តាមដាន កំណត់អត្តសញ្ញាណ និងស្ទាក់ចាប់” យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-95 របស់រុស្ស៊ី ២គ្រឿង នៅជិតរដ្ឋអាឡាស្កា កាលពីថ្ងៃចន្ទ។ NORAD បាននិយាយថា យន្តហោះរុស្ស៊ីនៅតែស្ថិតក្នុងដែនអាកាសអន្តរជាតិ ហើយសកម្មភាព របស់យន្តហោះទាំងនោះ មិនត្រូវបានគេមើលឃើញថា ជាការបង្កហេតុនោះទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ត្រូវបានតាមដានចូល ទៅក្នុងតំបន់កំណត់អត្តសញ្ញាណ ការពារ ដែនអាកាសអាឡាស្កា (ADIZ) ដែលជាតំបន់ ដែលអាមេរិកចាត់ទុកថា មានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់ខ្លួន ប៉ុន្តែលាតសន្ធឹងហួសពីដែន អាកាសរបស់ខ្លួន។

យន្តហោះ F-16s របស់អាមេរិក បាន “ស្ទាក់” យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី ដែលនៅតែមាន សុវត្ថិភាពនៅខាងក្រៅ “ដែនអាកាសអធិបតេយ្យ របស់អាមេរិក ឬកាណាដា” ។ នេះបើតាមសេចក្តីថ្លែងការណ៍ មួយពី NORAD កាលពីថ្ងៃអង្គារ ៕

Most Popular

To Top