ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ជំរុញ​ឲ្យពលរដ្ឋសន្សំ​សំចៃ ​ថាមពល ខណៈ​មីស៊ីលរបស់រុស្ស៊ី ​បំផ្លាញ​ខ្សែ​អគ្គិសនី ស្ទើរទូទាំងទីក្រុងធំៗ

គៀវ ៖ អ៊ុយក្រែន កំពុង​ទប់​ស្កាត់​ការ​ដាច់​ភ្លើង​អស់​រយៈពេល​ជាច្រើន​ម៉ោង​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បន្ទាប់​ពី​ខ្សែ​អគ្គិសនី ​ត្រូវ​បាន​បំផ្លាញ ​ក្នុង​អំឡុង​ពេល​ការ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានលើកឡើងថា មនុស្សគួរតែកាត់បន្ថយការប្រើប្រាស់អគ្គិសនីរបស់ពួកគេ ចាប់ពីម៉ោង ៧ ព្រឹកនៅថ្ងៃព្រហស្បតិ៍នេះ។

ក្រុមហ៊ុនថាមពល Ukrenergo បានឲ្យដឹងថា ខ្សែថាមពលបានរងការខូចខាតកាន់តែច្រើនក្នុងរយៈពេល ១០ថ្ងៃកន្លងមក ជាងរយៈពេល ៨ខែមុន ដោយសាររុស្ស៊ី បង្កើនការវាយប្រហារដោយមីស៊ីលរបស់ខ្លួន ។

រុស្ស៊ី​បាន​ទទួល​ស្គាល់​ថា បាន​វាយលុក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ជាមួយ​នឹង​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ ខណៈ​អ៊ុយក្រែន​បាន​ឲ្យដឹងថា​យន្តហោះ​ដ្រូន ដែល​ផលិត​ដោយ​អ៊ីរ៉ង់​ក៏​ពាក់ព័ន្ធ​ផងដែរ។

ការដាច់ចរន្តអគ្គិសនី ដែលអាចគ្រប់គ្រងបានអាចអូសបន្លាយ ដល់ទៅ ៤ម៉ោងក្នុងពេលតែមួយ បន្ទាប់ពីប្រហែល ៣០ភាគរយនៃហេដ្ឋារចនា សម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន ត្រូវបានខូចខាត។

ក្រុមមន្ត្រីបានឲ្យដឹងថា ការកាត់ផ្តាច់ចរន្តអគ្គិសនីបន្ថែមទៀត អាចនឹងត្រូវការក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលរដូវរងាអ៊ុយក្រែន ដ៏ត្រជាក់បានចូលមកដល់។ ប្រជាជន​ត្រូវ​បាន​ជំរុញ​ ឱ្យ​សាក​ថ្ម​ទូរស័ព្ទ ពិល និង Power Bank មុន​ភ្លើង​រលត់៕

Most Popular

To Top