ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ហាមប្រាម មិនឲ្យលក់ស៊ីរ៉ូ និងថ្នាំរាវ ក្រោយរកឃើញបណ្តាល ឲ្យស្លាប់កុមារជិត១០០នាក់

ហ្សាការតា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ថា ការស្លាប់របស់កុមារជិត១០០នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានជំរុញឱ្យប្រទេសនេះ ផ្អាកការលក់ស៊ីរ៉ូ និងថ្នាំរាវទាំងអស់ ។

ករណីនេះកើតឡើងតែប៉ុន្មាន សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីថ្នាំក្អក នៅប្រទេស ហ្គាំប៊ី មានទំនាក់ទំនងទៅនឹងការស្លាប់ របស់កុមារជិត៧០នាក់ ។

ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា ថ្នាំស៊ីរ៉ូមួយចំនួនត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុដែលទាក់ទងនឹង របួសតម្រងនោមស្រួចស្រាវ (AKI) ដែលបានសម្លាប់កុមារតូចៗ ចំនួន៩៩នាក់នៅឆ្នាំនេះ ។

វាមិនច្បាស់ ថាតើ ថ្នាំនេះត្រូវបានគេនាំចូល ឬផលិតក្នុងស្រុកយ៉ាងណានោះទេ ។

កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីបានឲ្យដឹងថា ពួកគេបានរាយការណ៍អំពីករណីជំងឺ AKI ប្រហែល ២០០ករណីចំពោះកុមារ ដែលភាគច្រើនមាន អាយុក្រោម៥ឆ្នាំ ។

កាលពីដើមខែនេះ អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានចេញសេចក្តីប្រកាស អាសន្នជាសាកលជុំវិញ ថ្នាំក្អកចំនួន៤ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់ របស់កុមារជិត៧០នាក់ នៅក្នុងប្រទេសហ្គាំប៊ី ។

អង្គការ WHO បានរកឃើញថា ស៊ីរ៉ូដែលប្រើនៅទីនោះ ដែលផលិតដោយក្រុមហ៊ុនឱសថឥណ្ឌា មានផ្ទុក “បរិមាណមិនអាចទទួលយកបាន” នៃ diethylene glycol និង ethylene glycol ។ អង្គការនេះបានឲ្យដឹងថា ទឹកស៊ីរ៉ូត្រូវបាន “មានសក្តានុពលទាក់ទងនឹង ការរបួសក្រលៀនស្រួចស្រាវ” ។

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីសុខាភិបាល ឥណ្ឌូណេស៊ី បានឲ្យដឹងថា សមាសធាតុគីមីដូចគ្នានេះ ក៏ត្រូវបានរកឃើញផងដែរ នៅក្នុងថ្នាំមួយចំនួន ដែលប្រើប្រាស់ក្នុងស្រុក ៕

Most Popular

To Top