ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក ថា គ្រូបង្វឹកយោធាអ៊ីរ៉ង់ ស្ថិតនៅឧបទ្វីបគ្រីមៀ ដើម្បីជួយដល់កងកម្លាំងរុស្ស៊ី ដោយប្រើប្រតិបត្តិការ យន្តហោះគ្មានមនុស្សបើក

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា គ្រូបង្វឹកយោធាអ៊ីរ៉ង់ ស្ថិតនៅក្នុងឧបទ្វីបគ្រីមៀ ដើម្បីជួយដល់កងកម្លាំងរុស្ស៊ី ដោយប្រើប្រតិបត្តិការយន្តហោះ គ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់ ដើម្បីវាយប្រហារគោលដៅនានា ក្នុងប្រទេសអ៊ុយក្រែន ដោយបង្កើនក្តីព្រួយបារម្ភ ដល់សង្រ្គាមដែលបង្កើនភាពតានតឹង ភូមិសាស្ត្រនយោបាយ ។

ពលរដ្ឋអ៊ុយក្រែនបានស៊ូទ្រាំ នឹងថ្ងៃដំបូងនៃការដាច់ចរន្តអគ្គិសនី ទូទាំងប្រទេសចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមកាលពី៨ខែមុន ដូច្នេះការជួសជុលអាចត្រូវបានធ្វើឡើង ចំពោះរោងចក្រថាមពលដែលខូច ឬបំផ្លាញនៅគ្រាដែលរដូវរងាចូលមកដល់ ។

លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់ដល់អ្នកយកព័ត៌មានថា “យើងអាចបញ្ជាក់បានថា បុគ្គលិកយោធារុស្ស៊ីដែល មានមូលដ្ឋាននៅឧបទ្វីបគ្រីមៀ បាននិងកំពុងសាកល្បង UAVs របស់អ៊ីរ៉ង់ និងប្រើប្រាស់ពួកគេ ដើម្បីធ្វើការវាយប្រហារ នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងការវាយប្រហារប្រឆាំង នឹងទីក្រុងគៀវ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ” ។

លោក Price បានលើកឡើងថា “យើងវាយតម្លៃថា … បុគ្គលិកយោធាអ៊ីរ៉ង់បាននៅលើដីនៅឧបទ្វីបគ្រីមៀ ហើយបានជួយរុស្ស៊ីក្នុងប្រតិបត្តិការទាំងនេះ” ។ គាត់បានលើកឡើងថា “យើងមានព័ត៌មានគួរឱ្យទុកចិត្ត” ប៉ុន្តែគាត់មិនបានផ្តល់ភស្តុតាងអ្វីនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top