តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Shana ដែលជាប់ពាក់ព័ន្ធជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយប្រទេសរុស្ស៊ី ដើម្បីនាំចេញទួរប៊ីនឧស្ម័នក្នុងស្រុកចំនួន ៤០ ទៅកាន់ប្រទេសនេះ។
គេហទំព័រ Shana បានដកស្រង់សម្តីលោក Reza Noshadi ប្រធានក្រុមហ៊ុនវិស្វកម្ម និងអភិវឌ្ឍន៍ឧស្ម័នអ៊ីរ៉ង់ បានឲ្យដឹងថា ពេលនេះអ៊ីរ៉ង់មានលទ្ធភាពបំពេញតម្រូវការក្នុងស្រុករបស់ខ្លួនចំនួន ៨៥ ភាគរយសម្រាប់ឧបករណ៍ និងបរិក្ខារឧស្ម័ន ហើយការផលិតឧស្ម័នរបស់វាបានកើនឡើងទ្វេដង បើទោះបីជាមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីសហរដ្ឋអាមេរិកក៏ដោយ។
អ៊ីរ៉ង់ និងរុស្ស៊ី ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗគ្នា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងខែកក្កដា ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ បើយោងតាមដែលប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថានឹងវិនិយោគប្រហែល ៤០ ពាន់លានដុល្លារអាមេរិកនៅក្នុងឧស្សាហកម្មប្រេងរបស់ប្រទេសអ៊ីរ៉ង់។
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា កាលពីចុងខែកក្កដា ទេសាភិបាលធនាគារកណ្តាលនៃប្រទេសអ៊ីរ៉ង់ លោក Ali Salehabadi បានប្រកាសថា ផ្សារហ៊ុនក្រុងតេអេរ៉ង់បានបើកការជួញដូរប្រាក់រវាងប្រទេសទាំងពីរ។
ប្រហែលមួយខែក្រោយមក លោកបានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ នឹងពង្រីកការប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងប្រតិបត្តិការទៅកាន់តំបន់ផ្សេងទៀតនៃពាណិជ្ជកម្មទ្វេភាគី នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍៕ប្រែសម្រួល ឈូល បូរ៉ា