បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃចន្ទបានប្តេជ្ញាផ្តល់ជំនួយដ៏ទូលំទូលាយក្នុងការកសាងអ៊ុយក្រែនឡើងវិញ រួមទាំងជំនួយសម្រាប់វិស័យកសិកម្ម វិស័យសុខាភិបាល និងការស្តារបណ្តាញថាមពលរបស់ប្រទេសនេះឡើងវិញ។
លោក Scholz បានឲ្យដឹងនៅឯការបើកវេទិកាធុរកិច្ចអាល្លឺម៉ង់-អ៊ុយក្រែន នៅទីក្រុងប៊ែកឡាំងថា “រួមគ្នាជាមួយដៃគូរបស់យើង យើងនឹងគាំទ្រអ៊ុយក្រែន ដរាបណាចាំបាច់” ។ លោកបានបន្តថា ការស្តារប្រទេសឡើងវិញនឹងក្លាយជា “កិច្ចការជំនាន់មួយ”។
ការកសាងអ៊ុយក្រែនឡើងវិញនឹងត្រូវចំណាយប្រាក់ ៣៤៩ពាន់លានដុល្លារអាមេរិក នេះបើតាមការវិភាគចេញផ្សាយកាលពីខែមុនដោយធនាគារពិភពលោក សហភាពអឺរ៉ុប និងរដ្ឋាភិបាលអ៊ុយក្រែន។
តួលេខនេះគឺស្មើនឹងមួយដងកន្លះនៃផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែន មុនពេលចាប់ផ្តើមជម្លោះជាមួយរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក David Malpass ប្រធានធនាគារពិភពលោកបានឲ្យដឹងកាលពីដើមខែនេះថា “តម្រូវការរបស់អ៊ុយក្រែន សម្រាប់ការស្តារឡើងវិញ និងការកសាងឡើងវិញ គឺមានទំហំធំ ហើយកំពុងកើនឡើង” ។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានប៉ាន់ប្រមាណថា ការចំណាយលើការកសាងឡើងវិញក្នុងប្រទេសនេះ នឹងមានចំនួនដល់ទៅ ៧៥០ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា