ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិហូឡង់៖ អង់គ្លេសនឹងចូលរួមជាថ្មី ក្នុងគម្រោងចល័តយោធា របស់សហភាពអឺរ៉ុប

បរទេស៖ រដ្ឋមន្ត្រីការពារជាតិហូឡង់លោកស្រី Kajsa Ollongren បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ អង់គ្លេសកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសប្រហែលជា នឹងចូលទៅក្នុងគម្រោង “ចល័តយោធា” របស់សហភាពអឺរ៉ុបឡើងវិញ ដែលស្វែងរកការជំរុញល្បឿន នៃចលនាយោធានៅក្នុងទ្វីបអឺរ៉ុប ជាពិសេសក្នុងករណីមានសង្រ្គាម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់កាសែត The Times លោកស្រី Ollongren បានបង្ហាញថា បណ្តារដ្ឋមន្ត្រីនៅក្នុងប្លុកនេះត្រូវបានគេរំពឹងថា នឹងអនុម័តការវិលត្រឡប់របស់ ចក្រភពអង់គ្លេសចំពោះគម្រោងនេះ ដែលអង់គ្លេសបានចាកចេញបន្ទាប់ពី Brexit នៅដើមខែក្រោយ។ គំនិតផ្តួចផ្តើមដឹកនាំដោយប្រទេសហូឡង់ ស្វែងរកការសម្រួលនីតិវិធី ដឹកជញ្ជូនយោធាឆ្លងព្រំដែន និងកាត់ខ្សែអាត់ក្រហម ដែលនឹងអនុញ្ញាតឱ្យអ្នកចូលរួម របស់ខ្លួនបញ្ជូនបុគ្គលិក និងឧបករណ៍ទៅកាន់ជួរមុខ ឱ្យបានលឿនជាង ប្រសិនបើតម្រូវការកើតឡើង។

យោងតាមរដ្ឋមន្ត្រីការពារជាតិហូរឡង់ គឺ ផែនការសម្រាប់ការទទួលស្គាល់ ចក្រភពអង់គ្លេសឡើងវិញចំពោះក្រុមនេះ គឺ “ពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹង សង្រ្គាមនៅអ៊ុយក្រែន”។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានកត់សម្គាល់ថា បញ្ហាសមាជិកភាពរបស់អង់គ្លេស មានភាពរសើបខ្លាំងចាប់តាំងពី ចក្រភពអង់គ្លេសចាកចេញពី សហភាពអឺរ៉ុបជាផ្លូវការក្នុងឆ្នាំ 2020 ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top