បរទេស៖ រដ្ឋាភិបាលជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការបិទកិច្ចព្រមព្រៀងទិញមីស៊ីល Tomahawk ដែលផលិតដោយសហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងតូក្យូបានបញ្ចប់ការទិញមីស៊ីលរយៈចម្ងាយខ្លីពីអាមេរិកក្នុងតម្លៃរាប់លានដុល្លារដាច់ដោយឡែកពីគ្នា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត Yomiuri របស់ប្រទេសជប៉ុនបានរាយការណ៍ជាលើកដំបូងអំពីកិច្ចព្រមព្រៀងទិញមីស៊ីល Tomahawk នៅថ្ងៃសុក្រ ដោយដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះដែលបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបាន “ទទួលយកជាទូទៅនូវការផ្លាស់ប្តូរនេះ” ហើយឥឡូវនេះកំពុង “ធ្វើការកែតម្រូវចុងក្រោយ” ចំពោះកិច្ចព្រមព្រៀងនេះ។
កាសែតនេះផ្សាយថា ឥឡូវនេះទីក្រុងតូក្យូកំពុងកែសម្រួលយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ខ្លួន ដើម្បីផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើ “សមត្ថភាពវាយប្រហារដើម្បីបំផ្លាញមូលដ្ឋានបាញ់មីស៊ីលរបស់សត្រូវសម្រាប់គោលបំណងការពារខ្លួន” ដោយបន្ថែមថា មីស៊ីល Tomahawk អាចបម្រើគោលបំណងនេះ៕ប្រែសម្រួលៈ ណៃ តុលា