ព័ត៌មានអន្តរជាតិ

អ្នកជំនាញខ្លាឃ្មុំផេនដា ធ្វើដំណើរទៅកាន់សួនសត្វ Taipei ដើម្បីព្យាបាលខ្លាឃ្មុំដែលកំពុងឈឺ

ចិន៖ បើយោងតាមអ្នកនាំពាក្យ ការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានប្រាប់ឲ្យដឹងថា ចិនដីគោកនឹងបញ្ជូន អ្នកជំនាញខ្លាឃ្មុំផេនដា ២នាក់ទៅកាន់កោះតៃវ៉ាន់ ដើម្បីជួយសួនសត្វក្នុងស្រុកមួយ ថែរក្សាខ្លាឃ្មុំផេនដាយក្ស ដែលកំពុងឈឺ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លោក Ma Xiaoguang បាននិយាយនៅទីក្រុងប៉េកាំងថា ចាប់តាំងពីខែកញ្ញា នៅពេលព័ត៌មានអំពីស្ថានភាព សុខភាពរបស់ខ្លាឃ្មុំផេនដា Tuan Tuan ត្រូវបានទាក់ទងទៅកាន់ ប្រទេសចិនដីគោក មជ្ឈមណ្ឌលអភិរក្ស និងស្រាវជ្រាវចិនសម្រាប់ខ្លាឃ្មុំផេនដាយក្ស ក្នុងខេត្តស៊ីឈួន បានបង្កើតក្រុមអ្នកជំនាញមួយហើយ បានទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយសួនសត្វតៃប៉ិ ដើម្បីតាមដានការព្យាបាលខ្លាឃ្មុំ និងផ្តល់ជំនួយបច្ចេកទេស។

លោក Ma បានបន្តថា មជ្ឈមណ្ឌលបានទទួលសំណើ សុំជំនួយពីសួនសត្វ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ហើយភ្លាមៗនោះបានសម្រេចចិត្ត បញ្ជូនអ្នកឯកទេសពីររូបស្តីពី សុខភាពខ្លាឃ្មុំផេនដាយក្ស ទៅកាន់សួនសត្វ។ បច្ចុប្បន្ន មជ្ឈមណ្ឌលនេះកំពុងធ្វើការជាមួយ អាជ្ញាធរចិនដីគោកក្នុងការរៀបចំ ដំណើររបស់អ្នកជំនាញ។

លោកបានបន្ថែមថា យើងសង្ឃឹមថា ជាមួយនឹងការយកចិត្តទុកដាក់ និងការគាំទ្រពីប្រជាជននៅសង្ខាង នៃច្រកសមុទ្រតៃវ៉ាន់ Tuan Tuan អាចទទួលបានការព្យាបាល និងការថែទាំកាន់តែប្រសើរឡើង ដើម្បីយកឈ្នះលើជំងឺរបស់លោក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ អាជ្ញាធរនៅលើកោះបាននិយាយថា ពួកគេបានទទួលសំបុត្រពីសួនសត្វតៃប៉ិ ដែលស្នើសុំជំនួយសម្រាប់ការ មកដល់របស់អ្នកជំនាញចិនដីគោក ហើយថា ពួកគេនឹងធ្វើការដើម្បីឲ្យអ្នកជំនាញអាចធ្វើដំណើរទៅកាន់សួនសត្វឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

Tuan Tuan ខ្លាឃ្មុំផេនដាឈ្មោលអាយុ ១៨ឆ្នាំគឺជាខ្លាឃ្មុំផេនដាមួយ ក្នុងចំណោមខ្លាឃ្មុំផេនដា ២ក្បាល ត្រូវបានផ្តល់អំណោយដោយចិន ដីគោកទៅតៃវ៉ាន់កាលឆ្នាំ ២០០៨ ។ Tuan Tuan ត្រូវបានគេសង្ស័យថា បានកើតជំងឺប្រកាច់នាពេលថ្មីៗនេះ ដែលធ្វើឲ្យមានការព្រួយបារម្ភ ពីភាគីទាំងសង្ខាង។ ច្រកសមុទ្រតៃវ៉ាន់។

នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់តៃវ៉ាន់បាននិយាយថា Tuan Tuan និងមិត្តរួមរបស់គាត់ឈ្មោះ Yuan Yuan មានប្រជាប្រិយភាព ក្នុងចំណោមប្រជាជនតៃវ៉ាន់ ជាពិសេសក្មេងៗចាប់តាំង ពីខ្លាឃ្មុំមកដល់សួនសត្វ ៕

ដោយ៖ លី ភីលីព

Most Popular

To Top