បរទេស ៖ មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យ នៅពេលដែលភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយលោកខាងលិចថា ប្រទេសរុស្ស៊ី កំពុងដំណើរការសាកល្បង នូវនាវាមុជទឹកនុយក្លេអ៊ែរ យុទ្ធសាស្ត្រថ្មីមួយ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមនាវីឯក Nikolay Yevmenov បាននិយាយក្នុងឱកាសខួបលើកទី ៣២៦ នៃការបង្កើតកងនាវាចររុស្ស៊ីថា “មីស៊ីលយុទ្ធសាស្ត្រដើរ ដោយថាមពល នុយក្លេអ៊ែរថ្មីបំផុត នាវាមុជទឹក Generalissimo Suvorov កំពុងត្រូវបានសាកល្បង” ។
ប្រមុខកងទ័ពជើងទឹក បាននិយាយថា នាវាមុជទឹកនេះត្រូវបានសាងសង់នៅឯសហគ្រាស Sevmash ដែលជាកន្លែងផលិតកប៉ាល់ ដ៏ធំបំផុតរបស់រុស្ស៊ី នៅក្នុងទីក្រុង Severodvinsk ភាគខាងជើង។
នាវា Generalissimo Suvorov គឺជានាវាទី៦ នៃនាវាមុជទឹកផ្ទុកមីស៊ីលផ្លោង ជំនាន់ទី ៤ របស់រុស្ស៊ី និងជាកប៉ាល់ផលិតដ៏ធំទីពីរ នៃប្រភេទ Borey-A class ដែលបានធ្វើឱ្យប្រសើរឡើង។ នាវា Borei-A នីមួយៗអាចផ្ទុកមីស៊ីល បាលីស្ទីកបាញ់ចេញពីនាវាមុជទឹក Bulava ដល់ទៅ ១៦ ដើម ដែលអាចបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរ។ កប៉ាល់នេះត្រូវបានគេដាក់ឈ្មោះ តាមឧត្តមសេនីយ៍ Alexander Suvorov នៅសតវត្សរ៍ទី១៨ ដែលត្រូវបានគេចាត់ទុកថាជាមេទ័ព ដ៏អស្ចារ្យបំផុតមួយ ក្នុងប្រវត្តិសាស្ត្ររុស្ស៊ី ៕