ព័ត៌មានអន្តរជាតិ

ជប៉ុន ចាប់ផ្ដើមទទួល ស្គាល់ជាផ្លូវការ លើទំនាក់ទំនងស្នេហា ដែលមានភេទដូចគ្នា

តូក្យូ ៖ បទប្បញ្ញត្តិដែលបានកែប្រែ របស់រដ្ឋាភិបាលទីក្រុងតូក្យូ ដែលទទួលស្គាល់ភាពជា ដៃគូស្នេហាភេទដូចគ្នា បានចូលជាធរមានកាលពីថ្ងៃអង្គារ ដោយចូលរួមជាមួយរដ្ឋាភិបាល ខេត្តមួយចំនួនទៀត ក្នុងការប្រព្រឹត្ត ចំពោះគូស្វាមីភរិយា ដែលមានភេទដូចគ្នា ដោយស្មើភាពគ្នានៅក្នុងផ្នែករដ្ឋបាល និងសេវាសាធារណៈផ្សេងទៀត ។

ប្រទេសជប៉ុន មិនទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ស្របច្បាប់នោះទេ ប៉ុន្តែគូស្វាមីភរិយា ដែលទទួលបានវិញ្ញាបនបត្រនៅក្រោមប្រព័ន្ធហៅថា Tokyo Partnership Oath System នឹងអាចដាក់ពាក្យ សុំលំនៅដ្ឋានក្នុងក្រុង និងបញ្ចូលឈ្មោះកូន របស់ពួកគេនៅលើវិញ្ញាបនបត្រ ភាពជាដៃគូរបស់ពួកគេ ។

ទោះបីជាមានការកើនឡើង នៃចំនួនក្រុងរបស់ប្រទេសជប៉ុន ដែលទទួលស្គាល់ភាពជាដៃគូភេទដូចគ្នា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ប្រទេសជប៉ុន នៅតែជាប្រទេសតែមួយគត់នៃក្រុមទាំង៧ ដែលមិនធ្វើដូច្នេះឡើយ នៅកម្រិតថ្នាក់ជាតិ ។

លោក Soyoka Yamamoto ដែល​ជា​ប្រធាន​ក្រុម​សកម្មជន​ ច្បាប់​ភាពជា​ដៃគូ​ សម្រាប់​ទីក្រុង​តូក្យូ​បានឲ្យដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ “ការ​ចាប់ផ្តើម​ប្រព័ន្ធ​ត្រូវតែ​ជំរុញ​ការផ្លាស់ប្តូរ​សង្គម​ សូមឱ្យប្រព័ន្ធនេះដើរ តួជាកាតាលីករ សម្រាប់កិច្ចខិតខំប្រឹងប្រែងនាំមុខគេ ដើម្បីសម្រេចបាននូវសង្គមមួយ ដែលមនុស្សស្រលាញ់ភេទដូច គ្នាត្រូវបានការពារស្មើៗគ្នា” ។

ខណៈពេលដែលសរសើរ ពីសារៈសំខាន់នៃការផ្លាស់ប្តូរនេះ លោក Fumino Sugiyama ដែលជាសហប្រធាននៃ Tokyo Rainbow Pride ដែលរៀបចំព្រឹត្តិការណ៍ មោទនភាព LGBTQ ប្រចាំឆ្នាំរបស់រដ្ឋធានីបានលើកឡើងថា មានច្បាប់បីប្រភេទនៅតែត្រូវការ ដើម្បីកែលម្អលក្ខខណ្ឌ សម្រាប់មនុស្សស្រលាញ់ភេទ ដូចគ្នានៅក្នុងប្រទេសជប៉ុន។

លោក Sugiyama បានបន្ដថា “មួយគឺជាសេរីភាពក្នុងការរៀបការ មួយទៀត គឺការហាមឃាត់លើការរើសអើង ហើយទីបីគឺការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវ សម្រាប់ការចាត់តាំងភេទឡើងវិញ” ៕

Most Popular

To Top