បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត Washington Post កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា ទោះបីជាមានក្រុមកិច្ចការងារឃ្លាំមើល ជាយោធាពីលើកិច្ចការងារបញ្ជូនជំនួយយោធា របស់អាមេរិកទៅឲ្យអ៊ុយក្រែនក្តី ប៉ុន្តែជាក់ស្តែងអាវុធត្រឹមតែ១០ភាគរយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការឃ្លាំមើលជាប់លាប់។
នេះមានន័យថាអាវុធដល់ទៅ៩០ភាគរយទៀត គឺមិនត្រូវបានគេដឹងថា នឹងហូរចូលទៅទីណា ខណៈដែលប៉ូលីសអាំងទែប៉ូល បានព្រមានថាអាវុធរបស់លោកខាងលិចទាំងនោះ នឹងអាចបញ្ចប់ទៅធ្លាក់ទៅក្នុងដៃរបស់ក្រុមឧក្រិដ្ឋជន នៅក្នុងប្លុកអឺរ៉ុបទៅវិញ។
របាយការណ៍របស់កាសែតអាមេរិកមួយនេះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីប៉ង់តាហ្គោនបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែតថា ការត្រួតពិនិត្យថ្មីៗនេះ ត្រូវបានធ្វើឡើងសាជាថ្មីម្តងទៀត គិតចាប់តាំងតែពីពេលដែលរុស្សី បើកប្រតិបត្តិការយោធានៅអ៊ុយក្រែន កាលពីខែកុម្ភៈ។
គួរឲ្យដឹងដែរថាចាប់តាំងតែពីខែកុម្ភៈ មកអាមេរិកតែមួយប៉ុណ្ណោះបានធ្វើការផ្តល់ជំនួយយោធា ដែលមានទឹកប្រាក់ដល់ទៅ១៨ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែន ខណៈដែលរាប់ពាន់លានដុល្លារទៀត ត្រូវបានផ្តល់ដោយបណ្តាសម្ព័ន្ធ នៅលោកខាងលិច៕ ប្រែសម្រួល៖ស៊ុនលី
