ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បើកការវាយប្រហារ ដោយគ្រាប់ផ្លោង និងមីស៊ីលទៅលើរោងចក្រនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុប

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃព្រហស្បតិ៍នេះ ការវាយប្រហាររបស់រុស្ស៊ី ត្រូវបានគេរាយការណ៍នៅទូទាំងតំបន់ធំៗ នៃប្រទេសអ៊ុយក្រែន ជាមួយនឹងការបាញ់គ្រាប់ផ្លោង និងមីស៊ីល ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការផ្គត់ផ្គង់អគ្គិសនី ដល់រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុត របស់អឺរ៉ុបទៀតផង ។

ក្រុមហ៊ុននុយក្លេអ៊ែរអ៊ុយក្រែន Energoatom បានឲ្យដឹងថា រោងចក្រថាមពលនុយក្លេអ៊ែ Zaporizhzhia នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ត្រូវបានផ្តាច់ម្តងទៀតពីបណ្តាញអគ្គិសនី បន្ទាប់ពីការបាញ់ផ្លោងរបស់រុស្ស៊ី បានបំផ្លាញខ្សែតង់ស្យុងខ្ពស់ ដែលនៅសេសសល់ ដោយទុកឱ្យរោងចក្រនេះ នៅសល់តែម៉ាស៊ីនម៉ាស៊ូត ។

ក្រុមហ៊ុន Energoatom បានឲ្យដឹងថា រោងចក្រនេះនៅក្នុងកណ្តាប់ដៃរបស់រុស្ស៊ី ប៉ុន្តែដំណើរការដោយកម្មករអ៊ុយក្រែន មានថាមពល ១៥ថ្ងៃ ដើម្បីដំណើរការម៉ាស៊ីនភ្លើង ។ រ៉េអាក់ទ័ររបស់វាត្រូវការថាមពល ដើម្បីរក្សាឥន្ធនៈនៅខាងក្នុងឱ្យត្រជាក់ និងការពារការរលាយ ។

មន្ត្រីជាន់ខ្ពស់នៅទីក្រុងម៉ូស្គូ បានលើកឡើងថា កងកម្លាំងពិសេសរបស់រុស្ស៊ី បានរារាំងការវាយប្រហារ របស់អ៊ុយក្រែនលើរោងចក្រនេះ ។

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolai Patrushev ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ក៏បានលើកឡើងផងដែរថា កងកម្លាំងអ៊ុយក្រែន “បន្តបាញ់ផ្លោងរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia ជាមួយនឹងសព្វាវុធរបស់លោកខាងលិច ដែលអាចនាំឱ្យមានមហន្តរាយពិភពលោក” ។

ភាគីទាំង២ បានចោទភាគីម្ខាងទៀតថា បានបាញ់ផ្លោងរោងចក្រនេះ ជាការចោទប្រកាន់ដែល អ្នកទាំងសង្ខាងបានបដិសេធ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top