តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ហៅថា (ICBM) ដែលអាចបរាជ័យ ដែលបានបង្កឲ្យមានការជូនដំណឹង ដល់ប្រជាជនរស់នៅតំបន់ភាគកណ្តាល និងភាគខាងជើងនៃប្រទេសជប៉ុន ដើម្បីស្វែងរកទីជម្រក ។
ទោះបីជាមានការព្រមាន ពីរដ្ឋាភិបាលដំបូងថា មីស៊ីលបានហោះរំលង ប្រទេសជប៉ុនក៏ដោយ ក៏ក្រុងតូក្យូ ក្រោយមកបានបញ្ជាក់ថា នោះមិនត្រឹមត្រូវទេ ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន ២៣គ្រាប់ក្នុងកំណត់ត្រាប្រចាំថ្ងៃ រួមទាំងមីស៊ីលមួយគ្រាប់ដែលបាន ធ្លាក់នៅឆ្នេរសមុទ្រកូរ៉េខាងត្បូង ជាលើកដំបូង ហើយបានទាក់ទាញការថ្កោលទោស ភ្លាមៗពីក្រុងវ៉ាស៊ីនតោន សេអ៊ូល និងតូក្យូ ។
គិតចាប់តាំងពីថ្ងៃចន្ទមក ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននឹងកំពុងធ្វើសមយុទ្ធដែនអាកាស ដ៏ធំបំផុតមួយដែលមិនធ្លាប់មាន ដោយមានយន្តហោះចម្បាំង រាប់រយគ្រឿងរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមទាំងយន្តហោះចម្បាំង F-35 ដែលកំពុងធ្វើបេសកកម្ម ហោះហើរធ្វើគ្រប់ម៉ោង ។
កងទ័ពអាកាសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការបាញ់បង្ហោះមីស៊ីល ICBM ថ្ងៃព្រហស្បតិ៍នេះ សម្ព័ន្ធមិត្តបានយល់ព្រម បន្តធ្វើសមយុទ្ធដល់ថ្ងៃសុក្រ នៅគ្រាដែលពួកគេត្រូវបាន គ្រោងបញ្ចប់នោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា