អូតាវ៉ា៖ រដ្ឋាភិបាលកាណាដា បានចេញផ្សាយសេចក្តីថ្លែងការណ៍ សេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២២ របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយព្រមានថា ប្រទេសនេះទំនងជានឹង ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច កម្រិតស្រាលនៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៣។
យោងតាមសេចក្តីថ្លែងការណ៍ នាយកដ្ឋានហិរញ្ញវត្ថុបានបង្កើត “សេណារីយ៉ូធ្លាក់ចុះ” ដែលពិចារណាពីផលប៉ះពាល់ នៃសម្ពាធអតិផរណាដែលបន្តកើតមាន និងការរឹតបន្តឹងបន្ថែមទៀត នៅក្នុងគោលនយោបាយរូបិយវត្ថុ ដែលនាំឱ្យមាន ភាពលំបាកនៅក្នុងវិស័យសេដ្ឋកិច្ច។
នៅក្នុងសេណារីយ៉ូធ្លាក់ចុះ អតិផរណា CPI ស្ថិតនៅខាងលើ ៣ភាគរយរហូតដល់ត្រីមាសទី១ ឆ្នាំ២០២៤ ប្រហែលប្រាំមួយខែយូរ ជាងការស្ទង់មតិខែកញ្ញា ឆ្នាំ២០២២ មុនពេលឈានដល់ ២ភាគរយនៅចុងឆ្នាំ២០២៤ ។
ជាការឆ្លើយតប អត្រាការប្រាក់រយៈពេលខ្លីឈានដល់ ៤,៥ភាគរយនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣ ហើយកើនឡើង ០,៧ភាគរយ លើការព្យាករណ៍ទាំងមូល ហើយជាលទ្ធផល ប្រទេសកាណាដា អាចនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច កម្រិតស្រាលក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៣។ សម្រាប់ឆ្នាំ២០២៣ ទាំងមូល GDP ពិតប្រាកដធ្លាក់ចុះ ០,៩ភាគរយ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Chrystia Freeland បានឲ្យដឹងនៅក្នុងសភា កាលពីថ្ងៃព្រហស្បតិ៍ថា “នេះគឺជាពេលវេលាដ៏លំបាកមួយ សម្រាប់ប្រជាជនកាណាដារាប់លាននាក់។ វាជារឿងសំខាន់ដែលខ្ញុំស្មោះត្រង់ ជាមួយជនជាតិកាណាដា អំពីបញ្ហាប្រឈមដែលនៅខាងមុខ” ។
លោកបន្ដថា “អត្រាការប្រាក់កំពុងកើនឡើង នៅពេលដែលធនាគារកណ្តាល ឈានជើងចូល ដើម្បីដោះស្រាយអតិផរណា។ នោះមានន័យថាសេដ្ឋកិច្ច របស់យើងកំពុងធ្លាក់ចុះ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នាយកដ្ឋានហិរញ្ញវត្ថុបាន ស្ទង់មតិអ្នកសេដ្ឋកិច្ចវិស័យឯកជន មួយក្រុមនៅដើមខែកញ្ញា ឆ្នាំ២០២២។ ការព្យាករណ៍ជាមធ្យមរបស់ វិស័យឯកជនត្រូវបានប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ផែនការសេដ្ឋកិច្ច និងសារពើពន្ធចាប់តាំងពីឆ្នាំ១៩៩៤ ។ អ្នកសេដ្ឋកិច្ចវិស័យឯកជន បានព្យាករណ៍ពីកំណើន GDP ពិតប្រាកដនៅត្រឹមកម្រិតសូន្យ សម្រាប់ពេលបន្ទាប់ ៕
ប្រែសម្រួល ឈូក បូរ៉ា