ព័ត៌មានអន្តរជាតិ

UN ៖ផ្ទាំងទឹកកកសំខាន់ៗ រួមទាំងភ្នំ Kilimanjaro និង Dolomites នឹងរលាយបាត់នៅឆ្នាំ ២០៥០

អាមេរិក៖ បើយោងតាមរបាយការណ៍ របស់អង្គការយូណេស្កូ បានប្រាប់ឲ្យដឹងថា ផ្ទាំងទឹកកករបស់ភ្នំ Kilimanjaro ស្ថិតក្នុងចំណោមផ្ទាំងទឹកកក ដ៏ល្បីល្បាញលើពិភពលោក ដែលត្រូវបានព្យាករណ៍ថា នឹងរលាយបាត់នៅឆ្នាំ ២០៥០ ដោយសារការឡើងកម្ដៅផែនដី យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

ទីភ្នាក់ងារវប្បធម៌របស់ អង្គការសហប្រជាជាតិ UNESCO តាមដានជុំវិញផ្ទាំងទឹកកកចំនួន ១៨,៦00 នៅទូទាំង ៥០ នៃតំបន់បេតិកភណ្ឌពិភពលោករបស់ខ្លួន។ របាយការណ៍ថ្មីមួយនិយាយថា ផ្ទាំងទឹកកកមួយភាគបី នៃផ្ទាំងទឹកកកទាំងនោះ នឹងរលាយបាត់ក្នុងរយៈពេល ៣ ទសវត្សរ៍ខាងមុខ រួមទាំងផ្ទាំងទឹកកកនៅ Dolomites ក្នុងប្រទេសអ៊ីតាលី និងឧទ្យាន Yosemite និង Yellowstone នៅសហរដ្ឋអាមេរិក ទោះបីជាមានសេណារីយ៉ូ សីតុណ្ហភាពកើនឡើងក៏ដោយ។

អង្គការយូណេស្កូបានព្យាករណ៍ថា ប្រហែល ៥០ ភាគរយនៃផ្ទាំងទឹកកក បេតិកភណ្ឌពិភពលោកអាចរលាយ បាត់ស្ទើរតែទាំងស្រុងនៅឆ្នាំ ២១០០ ខណៈខ្លះអាចរក្សាបាន ដោយការរក្សាសីតុណ្ហភាព ពិភពលោកឲ្យឡើងក្រោម ១.៥អង្សាសេ។ ផ្ទាំងទឹកកកជាបេតិកភណ្ឌពិភពលោក ដែលកំណត់ដោយអង្គការយូណេស្កូ បង្កើតបានប្រហែល ១០ភាគរយនៃផ្ទៃផ្ទាំងទឹកកក របស់ពិភពលោកទាំងមូល។

ពួកវារួមបញ្ចូលផ្ទាំងទឹកកកល្បីៗ មួយចំនួនរបស់ពិភពលោក ដែលកំពុងរលាយបន្តិចម្តងៗ ក្នុងទិដ្ឋភាពសាធារណៈ ដោយសារតែវាជាចំណុច បង្គោលសម្រាប់ទេសចរណ៍ពិភពលោក។ លោក Tales Carvalho អ្នកស្រាវជ្រាវនាំមុខនៃ របាយការណ៍បាននិយាយថា ផ្ទាំងទឹកកកបេតិកភណ្ឌពិភពលោក បាត់បង់ទឹកកកប្រហែល ៥៨ ពាន់លានតោនជារៀងរាល់ឆ្នាំជាមធ្យម។

នេះគឺស្មើនឹងបរិមាណទឹក សរុបប្រចាំឆ្នាំដែលប្រើប្រាស់ នៅប្រទេសបារាំង និងអេស្ប៉ាញរួមគ្នា ហើយរួមចំណែកដល់ជិត៥ ភាគរយនៃការកើនឡើងកម្រិតទឹកសមុទ្រ ត្រូវបានអង្កេតលើពិភពលោក។ លោក Carvalho បានបន្ថែមថា វិធានការការពារដ៏សំខាន់ បំផុតតែមួយគត់ ដើម្បីទប់ស្កាត់ការដកថយ នៃផ្ទាំងទឹកកកធំៗ នៅទូទាំងពិភពលោក គឺកាត់បន្ថយការបញ្ចេញកាបូនយ៉ាងខ្លាំង ៕

ប្រែសម្រួល៖ លី ភីលីព

Most Popular

To Top