បរទេស៖ យោងតាមការចេញផ្សាយដោយកាសែតបរទេស កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា កូរ៉េខាងត្បូង បានធ្វើការហោះហើរយន្តហោះចម្បាំងរបស់ខ្លួន ដល់ទៅ៨០គ្រឿង ដែលក្នុងនោះក៏មានទាំងយន្តហោះចម្បាំង ប្រភេទ F-35 ជាច្រើនគ្រឿងផង បន្ទាប់ពីបានពិនិត្យឃើញថា កូរ៉េខាងជើង បានធ្វើការហោះហើរយន្តហោះចម្បាំងដល់ ១៨០គ្រឿងនៅលើទឹកដីដែលជាអ្វីកូរ៉េខាងត្បូង ជឿជាក់ថាជាការបង្ហាញកម្លាំង របស់កូរ៉េខាងជើង។
ការចល័តយន្តហោះចម្បាំងដ៏ច្រើនបែបនេះ ត្រូវបានគេមើលឃើញធ្វើឡើងនៅបន្ទាប់ពីកូរ៉េខាងជើង បានធ្វើការបាញ់តេស្តសាកល្បងមីស៊ីល ប្រភេទឆ្លងទ្វីបដល់ទៅ៣០គ្រាប់ ត្រឹមតែរយៈពេល២ថ្ងៃចុងក្រោយនេះ ព្រមជាមួយនឹងមីស៊ីលឆ្លងទ្វីបចំងាយឆ្ងាយមួយផងដែរ ដែលកូរ៉េខាងជើង បានធ្វើការឆ្លើយតបសំដៅ លើការធ្វើសមយុទ្ធយោធា រវាងអាមេរិកនិងកូរ៉េខាងត្បូង ជាមួយនឹងយន្តហោះច្រើនរយគ្រឿង នាពេលថ្មីៗកន្លងមកនេះ។
កាលពីថ្ងៃសុក្រសប្តាហ៍មុនកូរ៉េខាងជើង តាមរយៈរដ្ឋមន្ត្រីការបរទេសបានអំពាវនាវ ឲ្យកងកម្លាំងយោធារបស់ខ្លួន ក្នុងការបញ្ចេញសកម្មភាពឆ្លើយតប ឲ្យបានសមរម្យទៅនឹងអ្វី ដែលជាសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងដោយអះអាងថា វាត្រូវតែជាការប្រឆាំងដ៏តឹងរឺងបំផុត។
យោងតាមការបញ្ជាក់ ដោយកងកម្លាំងយោធាកូរ៉េខាងត្បូង បានឲ្យដឹងថាយន្តហោះរបស់កូរ៉េខាងជើង បានធ្វើការហោះហើរស្ទើរពាសពេញប្រទេស និងក្បែរឆ្នេរសមុទ្ររបស់គេ ប៉ុន្តែមិនបានហោះសំដៅមកក្បែរតំបន់ព្រំដែនឡើយ៕ ប្រែសម្រួល៖ស៊ុនលី