តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានថ្កោលទោសថា “ការកត់សម្គាល់មិនសមរម្យ” របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយជំរុញឱ្យលោក បញ្ឈប់អាកប្បកិរិយាលាក់ពុតរបស់លោក និងគាំទ្រអំពើភេរវកម្ម។
នៅក្នុងសារមួយលោក Amir-Abdollahian បានលើកឡើងថាសេតវិមាន ដែលគាំទ្រកាន់តែខ្លាំងឡើង “អំពើហឹង្សា និងភេរវកម្មក្នុងអំឡុងពេលកុបកម្មថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ង់” កំពុង “ឈានដល់កិច្ចព្រមព្រៀង” ក្នុងពេលដំណាលគ្នា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។
លោកបានអំពាវនាវឱ្យលោក បៃដិន “បញ្ចប់ការលាក់ពុតនេះ និងការគាំទ្រចំពោះភេរវកម្ម” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
កិច្ចពិភាក្សា ស្តីពីគូប្រជែងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយែន។
អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយមហាអំណាចក្នុងខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានចាកចេញពីកិច្ចព្រមព្រៀងនេះ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញ លើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយ ទម្លាក់ការប្តេជ្ញាចិត្តមួយចំនួន នៅក្រោមកតិកាសញ្ញានេះ។ គ្មានរបកគំហើញណាមួយត្រូវបានសម្រេចឡើយបន្ទាប់ពីការចរចាជុំចុងក្រោយ ដែលបានធ្វើឡើងនៅដើមខែសីហាឆ្នាំនេះ។
កាលពីថ្ងៃសុក្រផងដែរ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានលើកឡើងថា “ប្រព័ន្ធអនុត្តរភាព ដែលគ្រប់គ្រងសហរដ្ឋអាមេរិក គឺជានិមិត្តសញ្ញា និងតំណាងនៃភាពក្រអឺតក្រទម ជាសកល ដែលមានឆន្ទៈក្នុងការបំផ្លាញផលប្រយោជន៍ របស់ប្រទេសជាច្រើនផ្សេងទៀត នៅទូទាំងពិភពលោក ដើម្បីធានាបាននូវឧត្ដមភាពរបស់ខ្លួន”។
លោកបានធ្វើការកត់សម្គាល់ នៅពេលថ្លែងទៅកាន់អ្នកប្រមូលផ្តុំគ្នា តាមដងផ្លូវដែលបានប្រារព្ធទិវានិស្សិតជាតិ និងទិវាជាតិ នៃការប្រយុទ្ធប្រឆាំងនឹងភាពក្រអឺតក្រទម ជាសកលកាលពីថ្ងៃសុក្រ ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនក្លាយជា “ទឹកដោះគោ” សម្រាប់ទីក្រុងវ៉ាស៊ីនតោនឡើយ នេះបើតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍៕ ប្រែសម្រួល ឈូក បូរ៉ា