សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ចំនួន៤គ្រាប់ ធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងលិច កាលពីព្រឹកថ្ងៃសៅរ៍ ខណៈដែលក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានបញ្ចប់សមយុទ្ធយោធា រយៈពេល៦ថ្ងៃក្នុងកម្រិតខ្ពស់ ។
ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្តបន្ទាប់ នៅក្នុងសប្តាហ៍នេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ថា (ICBM) ដែលអាចបរាជ័យ ដោយមានការថ្កោលទោស ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន និងបង្កើនការរំពឹងទុកថា ប្រទេសនេះអាចត្រៀមខ្លួន សម្រាប់ការបន្តការសាកល្បងនុយក្លេអ៊ែរ ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧ ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះ នៅថ្ងៃសៅរ៍ចន្លោះម៉ោង១១និង៣១នាទីព្រឹក និងម៉ោង១១និង៥៩នាទីព្រឹក ត្រូវនឹងម៉ោង១០និង៣១នាទីព្រឹក និងម៉ោង១០និង៥៩នាទី ម៉ោងនៅសិង្ហបុរី ហើយបានកើតឡើង នៅគ្រាដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបញ្ចប់សមយុទ្ធ Vigilant Storm ដែលពួកគេបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ។
ក្រុងសេអ៊ូលបានបញ្ជាក់ថា គ្រាប់មីស៊ីលបានហោះបានចម្ងាយ ប្រហែល១៣០គីឡូម៉ែត្រ ដោយមានរយៈកម្ពស់ប្រហែល ២០គីឡូម៉ែត្រ ។
គេបានដឹងថា សមយុទ្ធរបស់សម្ព័ន្ធមិត្ត មានយន្តហោះយោធា ប្រហែល២៤០គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B ចំនួន២គ្រឿងរបស់អាមេរិក ក៏ដូចជាយន្តហោះចម្បាំង F-16 និង F-35A ចំនួន៤គ្រឿង ។ នេះបើយោងតាមអគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង បានបញ្ជាក់ដូច្នេះ ។
នេះជាលើកទី១ហើយ ដែលយន្តហោះទម្លាក់គ្រាប់បែក B-1B ត្រូវបានដាក់ពង្រាយក្នុងសមយុទ្ធ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៧ ដែលបង្ហាញពី “សមត្ថភាពការពារជាតិរួមគ្នា និងការប្តេជ្ញាចិត្ត របស់សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្កហេតុណាមួយពីកូរ៉េខាងជើង និងឆន្ទៈរបស់ពួកគេ ។ ប្រមុខដឹកនាំរួមបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក នឹងអនុវត្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តការរារាំង” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា