ព័ត៌មានអន្តរជាតិ

Update ៖ សហរដ្ឋអាមេរិក ដាក់ពង្រាយ យន្តហោះទម្លាក់គ្រាប់បែក B-1B ជាលើកដំបូង នៅក្នុងសមយុទ្ធ រវាងកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក

សេអ៊ូល ៖ ទូរស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រុងសេអ៊ូល និង ក្រុងវ៉ាស៊ីនតោន បាននឹងកំពុងធ្វើសមយុទ្ធ ដែនអាកាស “Vigilant Storm” ចាប់តាំង ពីថ្ងៃចន្ទ ដែលត្រូវបានពន្យារពេលមួយថ្ងៃ ដល់ថ្ងៃសៅរ៍ ដើម្បីឆ្លើយតប ទៅនឹងអ្វីដែលសម្ព័ន្ធមិត្ត ហៅថា ជាការបង្កហេតុបន្ត ដោយកូរ៉េខាងជើង ។

ទីភ្នាក់ងារយ៉ុនហាប់ បានឲ្យដឹងថា នេះជាលើកទី១ ហើយដែលយន្តហោះទម្លាក់គ្រាប់បែក B-1B ត្រូវបានដាក់ពង្រាយ នៅក្នុងសមយុទ្ធ រវាងសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៧ ។ សហរដ្ឋអាមេរិក បានរក្សាទុកយន្តហោះ ទម្លាក់គ្រាប់បែកចំនួន៤គ្រឿង នៅលើកោះ Guam ចាប់តាំងពីចុង ខែតុលាមក ។

ប្រទេសកូរ៉េខាងត្បូង បានស្នើឱ្យសហរដ្ឋអាមេរិក បង្កើនការដាក់ពង្រាយ “ទ្រព្យសម្បត្តិយុទ្ធសាស្ត្រ” ដែលរួមមាននាវាផ្ទុកយន្តហោះ នាវាមុជទឹកនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែក រយៈចម្ងាយឆ្ងាយដូចជា B-1B ជាដើម ។

អាជ្ញាធរអាមេរិក និងកូរ៉េខាងត្បូង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ។

បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការពារជាតិ Lloyd Austin នៅរដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup បានថ្លែងថា សហរដ្ឋអាមេរិក បានយល់ព្រមប្រើប្រាស់ “ទ្រព្យសម្បត្តិយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ដល់កម្រិតស្មើនឹងការដាក់ពង្រាយ ឥតឈប់ឈរ តាមរយៈការបង្កើនប្រេកង់ និងអាំងតង់ស៊ីតេនៃការដាក់ពង្រាយទ្រព្យសម្បត្តិ យុទ្ធសាស្ត្រនៅក្នុង និង ជុំវិញឧបទ្វីបកូរ៉េ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top