បរទេស៖ យន្តហោះពីរគ្រឿង ត្រូវបានបំផ្លាញក្នុងការប៉ះទង្គិចគ្នានៅកណ្តាលអាកាស នៅក្នុងការបង្ហាញពីអាកាស ឬ Air Show ក្នុងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍។ ផ្លូវហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែក B-17 និងយន្តហោះចម្បាំងធុនតូច បានឆ្លងកាត់ ដែលបណ្តាលឱ្យមាន ឧបទ្ទវហេតុដ៏អាក្រក់នេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូដែលបានថត នៅក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញឱ្យឃើញ យន្តហោះ B-17 ដែលមានម៉ាស៊ីន៤ បានហោះនៅរយៈកម្ពស់ទាប ពីលើអាកាសយានដ្ឋាន Dallas Executive នៅពេលដែលយន្តហោះតូចមួយគ្រឿងទៀតគឺ Bell P-63 Kingcobra បានឆ្លងកាត់ផ្លូវរបស់វាក្នុងល្បឿនលឿន។ ក្រោយមក យន្តហោះទាំងពីរគ្រឿងបានបុកគ្នា និង បានផ្ទុះពេលបុកដី។ យ៉ាងហោចណាស់អ្នកបើកយន្តហោះម្នាក់ បានបង្ហាញខ្លួនជាមួយនឹងឆ័ត្រយោង។
ស្ថានភាពរបស់អ្នកបើកយន្តហោះបច្ចុប្បន្ន មិនច្បាស់លាស់ទេ ហើយគ្មានការស្លាប់ និងរបួសពីកំទេចកំទីដែលធ្លាក់ត្រូវបានរាយការណ៍នៅពេលសរសេរ។ យន្តហោះទម្លាក់គ្រាប់បែក B-17 ជាធម្មតាហោះហើរ ជាមួយនាវិក ១០ នាក់នៅលើយន្តហោះក្នុងអំឡុងពេលសង្រ្គាម ប៉ុន្តែការរៀបចំរបស់នាវិកនៃយន្តហោះដែលបានធ្លាក់នោះ មិនទាន់ដឹងនៅឡើយទេ៕ ប្រែសម្រួលៈ ណៃ តុលា