ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូថា មីស៊ីល ដែលបានវាយប្រហារ លើទឹកដីប៉ូឡូញ ជាប្រភេទ S-300 បាញ់ដោយទាហានអ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានសន្និដ្ឋានបន្ទាប់ពីសិក្សារូបភាព ដែលបានចេញផ្សាយពីកន្លែងកើតហេតុថា មីស៊ីលដែលបានវាយប្រហារទឹកដីប៉ូឡូញ កាលពីយប់ថ្ងៃអង្គារ គឺត្រូវបានបាញ់ដោយទាហានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

យ៉ាងណាក៏ដោយ មន្ត្រីអាមេរិកក៏បានប្រាប់សារព័ត៌មាន Associated Press ថា មីស៊ីលដែលបានវាយប្រហារ លើទឹកដីប៉ូឡូញកាលពីថ្ងៃអង្គារ ដែលបានសម្លាប់ជនស៊ីវិលពីរនាក់ ទំនងជាត្រូវបានបាញ់ចេញ ពីអ៊ុយក្រែន មិនមែនរុស្ស៊ីទេ។

យោងតាមការវាយតម្លៃបឋម មីស៊ីលនេះត្រូវបានបាញ់បង្ហោះ ដោយប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែន ចំពេលមានការទម្លាក់គ្រាប់បែករុស្ស៊ី ទ្រង់ទ្រាយធំទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អ៊ុយក្រែន, នេះបើតាមសារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃពុធ។

ព័ត៌មាននេះបានមកពីមន្ត្រីអាមេរិក៣នាក់ ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ដោយសារតែមិនត្រូវបានអនុញ្ញាត ឱ្យពិភាក្សាអំពីបញ្ហានេះ ជាសាធារណៈ។

របាយការណ៍មុននេះដោយ AP ដោយដកស្រង់សម្តី “មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជាន់ខ្ពស់” បាននិយាយថា វាគឺជាមីស៊ីលរបស់រុស្ស៊ី ដែលបានចុះចតលើទឹកដីប៉ូឡូញ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណបានបដិសេធ មិនបញ្ជាក់ការអះអាងនេះទេ នៅពេលសួរអំពីវា៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top