ព័ត៌មានអន្តរជាតិ

យុវជន​ ប្រហែល១ពាន់លាននាក់ ប្រថុយនឹងការបាត់បង់ ការស្តាប់ពីកាស

ប៉ារីស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា យុវជន ប្រហែលមួយ ពាន់លាននាក់ នៅទូទាំងពិភពលោក អាចប្រឈមនឹងហានិភ័យ នៃការបាត់បង់ការស្តាប់ ពីការស្តាប់កាស ឬចូលរួមកន្លែងតន្ត្រីខ្លាំងៗ ដែលជាការពិនិត្យឡើងវិញ ដ៏ធំនៃការស្រាវជ្រាវ មានបានប៉ាន់ប្រមាណ ។

ការសិក្សាដឹកនាំ ដោយអង្គការសុខភាពពិភពលោក បានអំពាវនាវឲ្យយុវជន មានការប្រុងប្រយ័ត្នបន្ថែមទៀត អំពីទម្លាប់ស្តាប់របស់ពួកគេ ហើយបានជំរុញ ឲ្យរដ្ឋាភិបាល និងអ្នកផលិតធ្វើបន្ថែមទៀត ដើម្បីការពារការស្តាប់នាពេលអនាគត ។ ការវិភាគបានចេញផ្សាយ លើទិនានុប្បវត្តិ BMJ Global Health បាន ពិនិត្យលើទិន្នន័យ ពីការសិក្សាចំនួន ៣៣ បានចេញជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង និង រុស្ស៊ីក្នុងរយៈពេល ២ទសវត្សរ៍ចុង ក្រោយនេះ ដែលគ្របដណ្តប់ លើអ្នកចូលរួមជាង ១៩,000 នាក់ មានអាយុចន្លោះពី ១២-៣៤ ឆ្នាំ ។

វាបានរកឃើញថា ២៤ ភាគរយនៃមនុស្សវ័យក្មេងមានការអនុវត្តការ ស្តាប់មិនមានសុវត្ថិភាព ខណៈ ប្រើកាសជាមួយ នឹងឧបករណ៍ដូចជាស្មាតហ្វូន ហើយ ៤៨ ភាគរយត្រូវបានគេរកឃើញថា បានប៉ះពាល់នឹងកម្រិតសំឡេង រំខានគ្មានសុវត្ថិភាពនៅកន្លែងកម្សាន្ត ដូចជាការប្រគុំតន្ត្រី ឬក្លិបរាត្រី។ ការរួមបញ្ចូលការ រកឃើញទាំងនេះ ការសិក្សាបាន ប៉ាន់ប្រមាណថា យុវជនចន្លោះពី ៦៧0,000 ទៅ ១,៣៥ ពាន់លាននាក់ អាចប្រឈមនឹងហានិភ័យ នៃការបាត់បង់ការស្តាប់ ។

លោក Lauren Dillard អ្នកជំនាញ ផ្នែកសោតទស្សន៍នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ South Carolina និងជាអ្នកស្រាវជ្រាវដំបូងគេ នៃការសិក្សាបាននិយាយថា វិសាលភាពធំទូលាយមួយផ្នែក គឺដោយសារតែមនុស្សវ័យក្មេងមួយចំនួន ប្រហែលជាមានហានិភ័យពីកត្តាទាំង២។ លោក Dillard បានប្រាប់ AFP ថា មធ្យោបាយដ៏ល្អបំផុត សម្រាប់មនុស្សក្នុងការកាត់បន្ថយហានិភ័យ នៃការបាត់បង់ការស្តាប់ពីកាស គឺត្រូវបិទសំឡេង និងស្តាប់រយៈពេលខ្លី ៕ដោយ៖លី ភីលីព

Most Popular

To Top