បរទេស ៖ យោងតាមការសិក្សាស្រាវជ្រាវមួយ ដោយទីភ្នាក់ងារ បទឧក្រិដ្ឋជាតិ របស់អង់គ្លេស ឬហៅកាត់ថា NCA កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានលើកឡើងថា អាវុធរបស់លោកខាងលិច ដែលត្រូវបានធ្វើដំណើរ ទៅកាន់ប្រទេសអ៊ុយក្រែន នឹងអាច ធ្លាក់ចូលទៅក្នុងដៃ របស់ក្រុមភេវរកម្ម ខណៈដែលរុស្សី ក៏ធ្លាប់បានព្យាករណ៍ដែរថា អាវុធដែលមានតម្លៃដល់ទៅ១ពាន់លានដុល្លារ បានហូរចេញ ក្រៅពីប្រទេស អ៊ុយក្រែនជារៀងរាល់ខែ។
ប្រធាន NCA លោក Graeme Biggar បានថ្លែងថា ជាទូទៅនៅពេលដែលមានជម្លោះណាមួយ អាវុធដែលបានដឹកជញ្ជូន ទៅកាន់តំបន់នោះនឹង ត្រូវប្រឈមមុខ ទៅនឹងការបាត់បង់ ឬធ្លាក់ចូលទៅក្នុងដៃ របស់ក្រុមភេវរកម្មជាមិនខាន។
លោក Biggar ដែលបានបន្តទៀតថា ក្នុងពេលដែលប៉ូលីស របស់អង់គ្លេសនិងតំបន់អឺរ៉ុប កំពុងបន្តតាមឃ្លាំមើលទៅលើប្រភេទ អាវុធមួយចំនួនដូចជាកាំភ្លើងខ្លី កាំភ្លើងម៉ាស៊ីន និងគ្រាប់បែកផងដែរ នៅតាមទីផ្សារ។
ទោះបីជាយ៉ាងណាក្តី លោក Biggar មិនទាន់អាចរកបានភស្តុតាងច្បាស់ ឬទីកន្លែងដែលឧក្រិដ្ឋកម្ម បានប្រើប្រាស់អាវុធដែលត្រូវនាំចូលទៅ អ៊ុយក្រែននោះនៅឡើយទេ ប៉ុន្តែទាំងប៉ូលីសអាំងទែរប៉ូល និងប៉ូលីសអឺរ៉ូប៉ូល បានព្រមានថាអាវុធទាំងនោះ អាចនឹងធ្លាក់ចូលទៅក្នុងទីផ្សារងងឹត ជៀសមិនផុតឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
